លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានណែនាំឱ្យសិស្សានុសិស្សដែលទើបប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ពិចារណាលើកត្តាចំនួន៣ យ៉ាងតិច មុនធ្វើការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមសិក្សា និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោក ហេង សួរ បានថ្លែងថា សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ពិចារណាលើកត្តាចំនួន៣ យ៉ាងតិច មុនធ្វើការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមសិក្សា និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលទី១ គឺ ឧបនិស្ស័យ ឬដុងពីកំណើតរបស់ក្មួយៗម្នាក់ៗ ទី២ ក្ដីស្រមៃរៀងៗខ្លួន និងទី៣ វិភាគអំពីតម្រូវការទីផ្សារការងារទៅថ្ងៃអនាគត។

លោកបានបន្តថា សម្រាប់សិស្សដែលបានប្រឡងជាប់និទ្ទេស A និង B គួរតែសិក្សាលើមុខជំនាញ ដូចជា ពេទ្យ, វិទ្យាសាស្រ្ដកុំព្យូទ័រ, មេកាត្រូនិក, មេកានិករថយន្ត, វិភាគហិរញ្ញវត្ថុ, វិស្វកម្មសំណង់, គីមីសាស្រ្ដ និងម្ហូបអាហារ ក៏ដូចជាគ្រូបង្រៀនជាដើម។
ចំណែកឯសិស្សប្រឡងជាប់និទ្ទេស C ដល់ E អាចជ្រើសរើសយកជំនាញសិក្សា ដូចជា ច្បាប់, ទីផ្សារ, គ្រប់គ្រង និងជំនាញសេវាកម្ម ជាពិសេសគឺជំនាញបដិសណ្ឋារកិច្ច។ រីឯក្មួយៗសិស្សានុសិស្សដែលមិនបានប្រឡងជាប់នៅឆ្នាំនេះគួរកុំទាន់អស់សង្ឈឹម ដោយលោករដ្ឋមន្រ្តីបានណែនាំអាចចូលរៀនថ្នាក់បរិញ្ញាបត្ររង ឬរៀនសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬក៏អាចចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដែលជាកម្មវិធីសិក្សាស្ថិតក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បាន ក្នុងនោះឯកឧត្ដមធានាផ្ដល់អាហារូបករណ៍ជូន។
បើតាមលោក ហេង សួរ បណ្ដាសាកលវិទ្យាល័យនានា និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានពង្រឹងគុណភាព និងត្រូវបានវិនិយោគលើសម្ភារៈបរិក្ខារដូចគ្នាដែរ។ ដូច្នេះ សិស្សានុសិស្ស អាចជ្រើសរើសរៀននៅសាលាមួយណាក៏បាន ដោយលោកបានកត់សម្គាល់ថា សាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនីមួយៗ តែងតែមានឧត្ដមភាព និងមុខជំនាញខ្លាំងរៀងៗខ្លួន៕



