នាយករដ្ឋមន្ត្រី អះអាងថា ការផ្អាកអុំទូកនៅភ្នំពេញ មិនមែនដោយសាររដ្ឋអស់ថវិកានោះទេ​

សង្គម​និង​សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ កញ្ញានេះ ផ្ញើសារបញ្ជាក់ពីមូលហេតុនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ នាខែវិច្ឆិកាឆ្នាំ២០២២នេះ ដោយអះអាងថា ការផ្អាកព្រះរាជពិធីនេះ មិនមែនដោយសារតែរាជរដ្ឋាភិបាលអស់ថវិកា ដូចការវិភាគរបស់ជនមួយចំនួននោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការផ្អាកនេះដោយសារការរាតត្បាតជំងឺកូវីដ១៩មិនទាន់បិទបញ្ចប់ទាំងស្រុង ហើយមូលហេតុធំមួយទៀតនោះ គឺកម្ពុជាត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងត្រូវរៀបចំដំណាលគ្នានឹងថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា៖ «យើងមិនខ្វះលុយសម្រាប់ដោះស្រាយបញ្ហាត្រឹមបុណ្យអុំទូកនោះទេ ព្រោះក្នុងមួយខែយើងបានបញ្ចេញថវិកាប្រមាណ ៤០លានដុល្លារ ដើម្បីជួយដល់ប្រជាជនក្រីក្ររបស់យើង។ យើងផ្តល់អាទិភាពសម្រាប់ប្រជាជនក្រីក្រ ហើយយើងក៏មិនខ្វះលុយត្រឹមតែព្រះរាជពិធីបុណ្យអុំទូក ដែលចាយត្រឹមតែ៤ ទៅ៥លានដុល្លារប៉ុណ្ណោះ។ នេះមិនមែនជាមូលហេតុពិតប្រាកដនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកនោះទេ។ ប៉ុន្តែយើងគោរពចំពោះអ្នកវាយតម្លៃខុស យើងសូមកោតសរសើរចំពោះអ្នកវាយតម្លៃខុសបែបនេះ ដែលពួកគេនៅតែជាអ្នកបរាជ័យមួយជីវិត»។

បើតាមសម្តេចតេជោ ហ៊ុន សែន ក្រៅតែពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ានចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាហើយនោះ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ក៏មានការបំពេញទស្សនកិច្ចជាផ្លូវការពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីហ្វីលីពិន។

សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្រៅតែពីកម្មវិធីដ៏ធំខាងលើនេះហើយ ក៏នៅមានការរៀបចំពិធីបុណ្យឯករាជ្យជាតិទៀត ដែលធ្វើឱ្យរាជរដ្ឋាភិបាល ពិបាកក្នុងការត្រៀមលក្ខណៈក្នុងការរក្សាសន្តិសុខ៕