លោក ហឿន សំនៀង៖ ហេតុដែលនាំឲ្យខ្មែរក្រ មិនមែនដោយព្រះពុទ្ធសាសនាទេ

សង្គម​និង​សេដ្ឋកិច្ច

នៅ​កម្ពុជា ​ព្រះពុទ្ធ​សាសនា​ត្រូវ​បានចាត់​ទុកថា​ជា​សាសនា​របស់​រដ្ឋ ​ហើយ​សាសនា​ក៏​ត្រូវ​គេ​លើក​តម្កើង​យ៉ាង​ខ្ពស់​ជា​បាវចនា​របស់​ជាតិ​ទៀត​ផង។ ​ទាំងនេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ព្រះពុទ្ធសាសនា​ពិត​ជា​ត្រូវ​បាន​ផ្តល់​តម្លៃ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ប្រជាជាតិ​ខ្មែរ ខណៈដែលមានប្រជា​ជន​ខ្មែរ​ រាប់តាំងពី​រាស្ត្រ​សាមញ្ញ​ មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់ ​រហូត​ដល់​ព្រះមហាក្សត្រ បានគោរពប្រតិបត្តិ​ជាទី​សក្ការៈ​យ៉ាង​ខ្ជាប់​ខ្ជួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនា រៀបចំប្រារព្ធពិធីបុណ្យ «មាឃបូជា» ជាពិធីបុណ្យមួយដ៏មានសារសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា។ «បុណ្យមាឃបូជា» ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃអាទិត្យ បានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ អត្តសញ្ញាណជាតិទៀតផង។

ទាក់ទងនឹងជំនឿនេះដែរ កន្លងមកធ្លាប់មានការវាយតម្លៃមកលើព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ពីបុគ្គលមួយចំនួនដែលថា ប្រជាពលរដ្ឋខ្មែរក្រភាគច្រើនដោយសារពួកគាត់កាន់ព្រះពុទ្ធសាសនា។ លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ប្រាប់ឧកញ៉ាញូស៍ថា យើងគ្រប់គ្នាដឹងហើយថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ពោល គឺ​ព្រះពុទ្ធសាសនាជា គ្រឹះនៃប្រព័ន្ធជំនឿងយ៉ាងរឹងមាំរបស់ខ្មែរ និងសង្គមខ្មែរទាំងមូលផងដែរ។

លោកថ្លែងយ៉ាងដូច្នេះថា «ការជឿកាន់ព្រះពុទ្ធសាសនាធ្វើឲ្យយើងក្រ ខ្ញុំគិតថា នេះជាគំនិត ជាទស្សន:ដែលយល់ខុសយ៉ាងខ្លាំងមកលើព្រះពុទ្ធសាសនា ជាទស្សន:ដែលមិនបានសិក្សាស្វែងយល់ពីព្រះពុទ្ធសាសនា។ ជាទស្សនដែលអាចកើតចេញពីច្រើនប្រភពមួយចំនួនដូចជា អាចចេញពីពពួកអ្នកមិនគោរពស្រឡាញ់ព្រះពុទ្ធសាសនា និងចង់បន្សាបជំនឿព្រះពុទ្ធសាសនា ក្នុងសង្គមខ្មែរ។ ជំនឿជាភាពខ្លាំងនៃមនុស្ស ឬសង្គមជាតិមួយ តែជំនឿក៏អាចជាភាពទន់ខ្សោយនៃបុគ្គល ឬសង្គមមួយផងដែរ។ ជាក់ស្តែង បើប្រព័ន្ធជំនឿត្រូវបានបន្សាបហើយ អ្វីៗនឹងងាយស្រួលតាមនោះដែរ»។

លោកបន្តថា យើងគ្រប់គ្នាដឹងហើយថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ពោលគឺ​ព្រះពុទ្ធសាសនាជា គ្រឹះនៃប្រព័ន្ធជំនឿងយ៉ាងរឹងមាំរបស់ខ្មែរ និងសង្គខ្មែរទាំងមូលគំនិតនេះអាចចេញពីមនុស្សដែលមិនយល់ពីព្រះពុទ្ធសាសនា និងមិនបានសិក្សាស្វែងយល់ពីពាក្យទូន្មានរបស់ព្រះពុទ្ធជាម្ចាស់ តែក៏ឃើញព្រឹត្តិការណ៍សង្គមនានានៅជុំវិញខ្លួន ឬអាចឃើញឥរិយាបថយឺតយ៉ាវរបស់​អតីតអ្នកបួសខ្លះក្នុងស្រុក្នុងភូមិ ឬលឺទ្រឹស្តីបទតាមគេតាមឯងផង ដោយមិនបានសិក្សាសង្កេតជាក់លាក់ ក៏ដាក់បន្ទុកមកលើព្រះពុទ្ធសាសនាតែម្តងទៅថា នោះអន្ទិតនេះ អន្ទិតនោះ វាបួសរាប់សិបឆ្នាំ សឹកមកវិញខ្ចិល រកស៊ីមិនទាន់គេ រស់នៅក្នុងភាពក្រីក្រ ក៏សន្និដ្ឋានថា ព្រះពុទ្ធសាសនាធ្វើឲ្យមនុស្សខ្ចិល ធ្វើឲ្យមនុស្សក្រ ក៏មាន ឬទស្សននេះ អាចចេញពីមនុស្សមិនចំរើន ជាមនុស្សបរាជ័យ យល់មិនដល់ មុជមិនឆ្ងាយ គិតមិនជ្រៅ ចឹងជាជាងបន្ទោសខ្លួនឯង ក៏ទំលាក់ទៅព្រះពុទ្ធសាសនាក៏ថាបាន។

លោក ហឿន សំនៀង ដែលជាអតីតអ្នកបួសជាច្រើនព្រះវស្សា និងបានបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិកនោះដែរ បានគូសបញ្ជាក់ថា «យើងដឹងហើយថា មនុស្សបរាជ័យភាគច្រើនចេញពីភាពល្ងង់ខ្លៅ អវិជ្ជា បានសិក្សារៀនសូត្រជ្រៅជ្រះ ឬជាមនុស្សមានទស្សនអវិជ្ជមានខ្លាំងពេកនោះឯង ជាពិសេស អវិជ្ជមានចំពោះអ្នកដទៃ ស្តីបន្ទោស ដាក់បន្ទុកលើអ្នកដទៃ ជាជាងទទួលយកការទទួលខុស ត្រូវពេញលេញចំពោះទង្វើខ្លួនឯង ឬសូម្បីម៉ែឪ វង្សត្រកូល ក៏ដាក់ការស្តីបន្ទោសដែរ ដែលខុសពីមនុស្ស ជោកជ័យ ដែលតែងអរគុណដល់អតីតកាល ពូជពង្សវង្ស ត្រកូល និងមនុស្សជុំវិញខ្លួន ជាពិសេស ភាពល្វីជូចត់ ខ្សត់ខ្សោយ លំបាកតោយ៉ាក ដែលធ្វើឲ្យគេរឹងមាំ។ បុគ្គលជោគជ័យ មានទស្សន:វីជ្ជា»។

ដើម្បីជាគតិបញ្ជាក់ថា ភាពក្រីក្រមិនមែនបណ្តាលមកពីព្រះពុទ្ធសាសនា លោក ហឿន សំនៀង ថា ទី១) សម្លឹងមើលប្រទេសដែលកាន់ព្រះពុទ្ធសាសនាដូចយើង ដូចជាប្រទេសថៃ វៀតណាម ចិន ជប៉ុន កូរ៉េ និងតៃវ៉ាន់ ជាដើម ជាប្រទេសនៅជិតៗខាងយើង។ ប្រទេសទាំងនេះ កាលមុនក្រដែរ តែឥឡូវប្រទេសទាំងនោះ ក្លាយជាប្រទេសអ្នកមាន។ សួរថា ហេតុអ្វី? ចម្លើយដ៏សាមញ្ញ គឺថា កាលមុនប្រទេសទាំងនេះ ក៏ក្រដែរ គឺក្រដោយសារ សង្គ្រាមផង និងក្រដោយសារការវិវត្តនៃបច្ចេកវិទ្យាមិនទាន់ជឿនលឿន។ លុះដល់គេអស់សង្គ្រាម និងការមកដល់នៃបច្ចេកវិទ្យាផង គេក៏មានឪកាសអភិវឌ្ឍប្រទេសក្លាយជាអ្នកមាន។ ទី២) ទ្រឹស្តីព្រះពុទ្ធទាក់ទងការរស់នៅ និងការមានបាន ព្រះពុទ្ធលើកទឹកចិត្ត និងបង្ហាញផ្លូវឲ្យក្លាយជាអ្នកជោគជ័យ មានបានទ្រព្យសម្បត្តិ រហូតព្រះពុទ្ធសសើរពីគុណសម្បត្តិនៃភាពមានបានទ្រព្យ មិនតែប៉ុណ្ណោះ ព្រះពុទ្ធមិនត្រឹមតែ បង្ហាត់បង្ហាញផ្លូវ មធ្យោបាយ និងរបៀបដែលធ្វើឲ្យជោគជ័យ មានបានប៉ុណ្ណោះទេ ថែមទាំងប្រាប់ពីការចេះប្រើប្រាស់ ទ្រព្យធនរបស់ខ្លួនឲ្យល្អ ត្រឹមត្រូវ និងមានប្រយោជន៍ទៀតផង។ មានទ្រព្យជាដើម។ 

បើតាមលោកនាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ហេតុពិតដែលនាំឲ្យខ្មែរក្រ ខ្មែរក្រមិនមែនដោយសារកាន់ជឿព្រះពុទ្ធសាសនាទេ តែខ្មែរក្រដោយសារតែសង្គ្រាមដ៏រាំរ៉ៃរាប់សិបជំនាន់ របបប្រល័យពូជសាសន៍កាប់សម្លាប់ជនជាតិ ខ្លួនឯង ការបែកបាក់ផ្ទៃក្នុង ភាពល្ងង់ខ្មៅ មិនបានសិក្សារៀនសូត្រ និងការ ប្រើប្រាស់ធនធានជាតិខុសគោលដៅជាដើម ជាហេតុធ្វើឲ្យខ្មែរក្រ ព្រោះថា ខ្មែរក្រព្រោះសង្គ្រាម ខ្មែរក្រដោយសារសង្គ្រាម បើយើងសិក្សាពីប្រវត្តិសាស្ត្រខ្មែរ ឃើញថា ក្រោយការដួលរលំនៃអាណាចក្រខ្មែរ នៅសតវត្ស៍ទី១៣ ប្រទេសកម្ពុជា ហាក់គ្មានពេលណាដែលបានសុខ សន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍសោះឡើយ ឃើញតែសង្គ្រាមផ្ទៃក្នុងផ្ទៃក្រៅជារៀងរហូត។ ចុងក្រោយ ជាសង្គ្រាមសម័យលន់ ណុល ចូលរបបប្រល័យពូជសាសន៍ សម្លាប់ខ្ទេចគ្មានសល់ និងសង្គ្រាមបន្តទៀត រហូតដល់ឆ្នាំ១៩៩៨ នេះហើយជាហេតុពិតនៃភាពក្រីក្ររបស់ប្រទេសខ្មែរ។

ជាមួយគ្នានោះ លោកក៏មើលឃើញថា ភាពល្ងង់ខ្លៅ អវិជ្ជា និងការបែកបាក់ ជាហេតុនាំឲ្យខ្មែរក្រ ក្រោយសង្គ្រាម ក្រោយចប់សង្គ្រាម បន្សល់នូវភាពខ្ទេចខ្ទីរាល់ហេដ្ឋារចនាសម្ព័ន្ធជាតិ សមិទ្ធផល ជាតិ គ្រាប់អាវុទ្ធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ការបែកបាក់ព្រាត់ប្រាសបងប្អូន ក្រុមគ្រួសារ ក្មេងកំព្រារាប់ សិបម៉ឺននាក់ជាដើម។ ជាងនេះទៀតសង្គ្រាមបានធ្វើឲ្យបែកបាក់អស់នូវស្មារតីជាតិ អត្តសញ្ញាណជាតិ និងការរួបរួមសាមគ្គីគ្នា ក្នុងនាមជាតិសាសន៍មួយ ដែលមនុស្សក្នុងសង្គមទាំង មូលស្ទើលែងមាន ទំនុកចិត្តចំពោះគ្នានិងគ្នា។ ទាំងអស់នេះ ជាហេតុពិតដែលធ្វើឲ្យខ្មែរក្រ។

ទន្ទឹមនឹងនោះ លោក ហឿន សំនៀង បានគូសបញ្ជាក់បន្ថែមទៀថា «ប្រើប្រាស់ធនធានជាតិខុសគោលដៅជាហេតុនាំឲ្យខ្មែរក្រ៖នៅសម័យសង្គ្រាម មិនត្រឹមតែបំផ្លាញរាល់សមិទ្ធផលជាតិ សម្លាប់មនុស្ស និងគ្មានឪកាសរៀន សូត្រប៉ុណ្ណោះទេ ថែមទាំង រាល់ធនធានជាតិទាំងអស់ ត្រូវបានយកទៅប្រើខុសគោលដៅ គឺប្រើ ដើម្បីទិញអាវុធ សម្រាប់សម្លាប់គ្នា និងកំទេចគ្នា ពោល គឺ មិនបានយកទៅប្រើប្រាស់ ដើម្បីគាំទ្រ ដល់ការរីកចំរើន និងអភិវឌ្ឍប្រទេសជាតិ ដូចជាវិស័យអប់រំ សុខាភិបាល ផ្លូវថ្នល់ស្ពាន និងទឹក ឬភ្លើង ជាដើមនោះឡើយ។ ដូច្នេះ រាល់ធនធានជាតិដែលយកទៅប្រើរាប់សិបឆ្នាំ និងយ៉ាងច្រើន មហាសាលនោះ គឺ យកទៅដុតចោលទាំងទ្រព្យ និងបំផ្លាញទាំងប្រទេស។ នេះជាហេតុដែលនាំឲ្យខ្មែរក្រ មិនមែនដោយព្រះពុទ្ធសាសនាទេ»៕