រូបសំណាកសេះមាសដ៏អង់អាច ចំកណ្តាលភ្នំពេញ ត្រៀមស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

សង្គម​ និង​សេដ្ឋកិច្ច

ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ កាន់តែខិតជិតមកដល់ហើយ ខណៈរូបសំណាកសេះមាសដ៏អង់អាច ដែលស្ថិតនៅកណ្តាលក្រុងភ្នំពេញ ក៏ត្រៀមស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងទេសចរណ៍ កាលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា រូបសំណាកសេះមាសដ៏អង់អាច អមជាមួយការតុបតែងលម្អយ៉ាងស្រស់ស្អាត ផ្សេងៗជាច្រើនទៀតនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ កំពុងលេចរូបរាងជាបណ្តើរៗហើយ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ ចាប់ពីថ្ងៃទី១៤ ដល់១៩ ខែមេសា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

ជុំវិញរឿងនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យថា ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” មានការរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួន ដូចជា៖ ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់ លេងល្បែងប្រជាប្រិយជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹង បើកដំណើរការផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ផងដែរ។

ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវឱ្យពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន មកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅតាមទីតាំងខាងលើ ឱ្យបានច្រើនកុះករ។ទន្ទឹមនេះ ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍ខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈល្អប្រសើរ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍នៅជុំវិញទីតាំង រៀបចំព្រឹត្តិការណ៍ ។រដ្ឋបាលភ្នំពេញ ក៏លើកទឹកចិត្តដល់ពលរដ្ឋដែលពុំមានការចាំបាច់ សូមធ្វើ ការពង្វាងការធ្វើដំណើរឆ្លងកាត់បរិវេណទីតាំងខាងលើផងដែរ៕អត្ថបទ៖ហ្សាលីន