កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុននាំចូល-ចែកចាយប្រេងឥន្ធនៈ ដឹកនាំដោយ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ព្រមទាំងឧកញ៉ា លោកជំទាវ លោក លោកស្រី ជាតំណាងអ្នកនាំចូល និងចែកចាយប្រេងឥន្ធនៈជាច្រើនរូប។

បើតាមក្រសួងពាណិជ្ជកម្ម កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ បន្តតាមដាន និងវាយតម្លៃលើការប្រែប្រួលយ៉ាងឆាប់រហ័សនៃថ្លៃប្រេងឥន្ធនៈ ទាំងនៅលើទីផ្សារអន្តរជាតិ និងទីផ្សារក្នុងស្រុក។
លើសពីនេះ ក៏ដើម្បីពិនិត្យស្វែងរកវិធានការសមស្រប ក្នុងការដោះស្រាយនូវក្តីកង្វល់និងការព្រួយបារម្ភ និងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅទូទាំងប្រទេស៕


