WB ប្តេជ្ញារួមគ្នាជាមួយកម្ពុជារៀបចំកញ្ចប់អន្តរាគមឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាព

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តថា នឹងរួមគ្នាជាមួយដៃគូកម្ពុជាក្នុងការរៀបចំកញ្ចប់អន្តរាគមឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបពិភាក្សាការងារ រវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ លោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា ស្តីពីការវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាក្នុងបរិការណ៍នៃវិបត្តិ និងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាលក្នុងការ ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ ផ្សាយចេញនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប លោកស្រីប្រធាន បានជម្រាបជូនអំពីលទ្ធផលនៃ ការសិក្សា និងវិធានការគន្លឹះមួយចំនួន សម្រាប់ឆ្លើយតបបន្ទាន់ទៅសម្ពាធពីផលប៉ះពាល់ដោយសារសង្គ្រាមនៅមជ្ឈិម បូព៌ាបន្ថែមលើវិបត្តិដែលកម្ពុជាបានជួបប្រទះកន្លងមក។

ជាមួយគ្នានេះ លោកស្រី ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញា ចិត្តរបស់ធនាគារពិភពលោកដោយសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងការរៀបចំកញ្ចប់អន្តរាគមឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណសារជាថ្មី និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងធនាគារពិភពលោក បន្តសហការ និង ពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍នានា រួមទាំងភាគីពាក់ព័ន្ធ ដើម្បីពន្លឿនការរៀបចំ កញ្ចប់អន្តរាគមពិសេសនេះឱ្យលេចចេញជារូបរាងឡើង ដើម្បីអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខនេះ ។

សូមជម្រាបដែរថា តាមរយៈជំនួបពិភាក្សាខាងលើ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង ធនាគារពិភពលោក ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានៅគ្រប់ដំណាក់កាល និងបានថ្លែងអំពីតួនាទីដ៏ សំខាន់របស់ធនាគារពិភពលោក ដែលមិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ជាប្រពៃណីដ៏រឹងមាំរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំង ជាធនាគារចំណេះដឹង (Knowledge Bank) ដែលប្រមូលផ្តុំទៅដោយចំណេះដឹង ជំនាញ និងបទពិសោធន៍យ៉ាង សម្បូរបែបលើគ្រប់វិស័យទៀតផង៕ អត្ថបទ៖ហ្សាលីន