សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនឥស្សរជនជាន់ខ្ពស់របស់ចិនអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។

នេះបើយោងតាមជំនួបពិភាក្សារវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតជូន លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកនាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសដែលរដ្ឋមន្ត្រីទាំងពីរអញ្ជើញចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសសម្ដេចធិបតី បានជម្រាបជូនឯកឧត្តម វ៉ាង យី ឯកឧត្តមនាយឧត្តមនាវី តុង ជុន និងគណៈប្រតិភូ អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីនូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទ្វេភាគីដែលមាន ស្រាប់រវាងកម្ពុជា-ថៃ។
ជាមួយគ្នានេះ លោក វ៉ាង យី បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយថាមវន្តរបស់កម្ពុជា។ ឯកឧត្តមក៏បានអបអរសាទរសម្ដេចធិបតី ដែលបានដឹកនាំប្រទេសឱ្យសម្រេចបាននូវសន្ទុះអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងយូរអង្វែង ដែលបានឈានដល់កម្រិតនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
សូមជម្រាប់ថា ក្នុងជំនួបនោះ សម្ដេចធិបតី និងលោក វ៉ាង យី រួមជាមួយលោកមនាយឧត្តមនាវី តុង ជុន បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិ និងសន្តិសុខ, ថាមពលស្អាត, ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងកសិកម្ម ជាដើម។ សម្ដេចធិបតី លោក វ៉ាង យី និង លោកនាយឧត្តមនាវី តុង ជុន ក៏បានបន្តផ្លាស់ប្ដូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់ជិតស្និទ្ធ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិផងដែរ៕ អត្ថបទ៖ ហ្សាលីន

