កម្ពុជា ដាក់ឱ្យដំណើរការ​ម៉ាស៊ីន​ស្វ័យ​សេវា ប.ស.ស. ចំនួន៣២គ្រឿង ដើម្បី​បង្កើន​ល្បឿនការផ្តល់សេវា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ម៉ា​ស៊ីន​ស្វ័យ​សេ​វា ប.ស.ស. (NSSF Self Service) ចំនួន ៣២​គ្រឿង ដែលជាម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ដែល​អ​នុញ្ញាតឱ្យសមាជិក ប.ស.ស. ជាម្ចាស់​នៃប័ណ្ណ​អាច​ធ្វើ​ការ​ព្រីនទម្រង់ប្រើ​ប្រាស់​សេវា​បាន​យ៉ាង​ងាយ​ស្រួល​ និង​​ឆាប់​​រហ័ស ដោយ​ខ្លួនឯង​តាមមូល​ដ្ឋាន​សុខា​ភិបាល​ដៃគូ ប.ស.ស. ដែលបាន​ដាក់តម្លើង​ម៉ាស៊ីន​ស្វ័យ​សេវា​រួច​រាល់​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន មេសា អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បា​នឱ្យដឹង​នៅ​ថ្ងៃទី២២ ខែ​មេសាថា បច្ចុ​ប្បន្ន​ភាពម៉ា​ស៊ីន​ស្វ័យ​សេវា ប.ស.ស. (NSSF Self Service)  បានដាក់​បំពាក់នៅ​តាម​បណ្តា​មន្ទីរពេទ្យ​ជាតិ​ចំនួន ១២ ដែលមានសរុបចំនួន ៣២គ្រឿង។

លោកថ្លែងថា៖«ការដាក់​ឱ្យប្រើ​ប្រាស់​ម៉ាស៊ីន​ស្វ័យ​សេវា ប.ស.ស. នេះ គឺជាជំហាន​សំខាន់​ក្នុងការ​ពន្លឿន​ផ្តល់​សេ​វា​សា​ធារណៈឱ្យ​កាន់​តែលឿន រហ័ស មាន​តម្លាភាព និង​ងាយ​ស្រួល​សម្រាប់​សមា​ជិកប្រើប្រាស់សេវាប.ស.ស.។ ប្រព័ន្ធនេះ​មិនត្រឹម​តែ​ជួយ​កាត់បន្ថយ​ពេល​វេលា​រង់​ចាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​ទាំង​​ជួយ​​បង្ការ​ការ​ក្លែង​​បន្លំ និងធានា​ថា​សមា​ជិក ប.ស.ស. ទទួល​បាន​សេវាត្រឹមត្រូវតាមលំដាប់ផងដែរ»។

បើតាម​ការបញ្ជាក់​ពីក្រសួងការងារ ម៉ាស៊ីន​ស្វ័យ​សេ​វា ប.ស.ស. (NSSF Self Service) មានសារៈ​ប្រយោជន៍​ជាច្រើ​នរួម​មាន ស​មាជិក​អាចព្រីន​ទម្រង់​ប្រាស់​សេវា​ដោយ​ខ្លួន​ឯង, សេ​វាលឿន រហ័ស និងទាន់ពេលវេលា (មិន​ខក​ខាន​ការ​ពិនិ​ត្យ), កាត់បន្ថយការក្លែងបន្លំ (ករណីខ្ជីកាតបងប្អូន សាច់​ញាតិ-មិត្តភក្តិមកប្រើប្រាស់). សមា​ជិក​អាច​ទទួល​សេ​វា​តាមលំ​ដាប់ (អ្នកមកមុនទទួលសេវាមុន), មន្ទីរពេទ្យ​មិន​ចាំបាច់​ធ្វើការ​ចុះ​ឈ្មោះ​ម្ដងទៀត, ផ្ដល់ភាព​រហ័យ​ដល់​ការ​ទូ​ទាត់​ដល់​មូល​ដ្ឋាន​សុខា​ភិបាល (ពេល​ភ្ជាប់​ប្រព័ន្ធ​គ្នា)​៕ អត្ថបទ៖ហ្សាលីន