កម្ពុជា-ជប៉ុន បើកកិច្ចពិភាក្សាជំរុញពង្រឹងទំនាក់ទំនងការទូត និងការតភ្ជាប់កិច្ចសហប្រតិបត្តិការនានា សំដៅឈានទៅលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ទ្វេភាគីឱ្យកាន់តែប្រសើរ។នេះបើយោងតាមជំនួបពិភាក្សារវាងលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជាមួយលោក FUKUDA TOMIKAZU គណៈអភិបាលខេត្តតូឈិហ្គិ និងគណៈប្រតិភូវិស័យឯកជនកម្ពុជា នៅទីស្នាក់ការរដ្ឋាបាលខេត្តតូឈិហ្គិ ខេត្តតូឈិហ្គិ កាលពីពេលថ្មីៗនេះ ។


កិច្ចពិភាក្សាខាងលើ ក៏មានការចូលរួមពីវិស័យឯកជនកម្ពុជា ដឹកនាំដោយ លោកលីម តារារិទ្ធ ទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងអគ្គនាយកក្រុមហ៊ុន AZ Group និងមានការចូលរួមដោយ លោក ISHIKAWA OSAMU ប្រធានក្រុមហ៊ុន SV Construction Co., Ltd, លោកស្រី SAKAKI ANERA ប្រធានក្រុមហ៊ុន TENSHI CO., LTD, លោក JESSE MCCAUL នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៃក្រុមហ៊ុន AZ Group និងសមាជិកក្រុមហ៊ុន និងតំណាងវិស័យឯកជនកម្ពុជាមួយចំនួនទៀត។

សូមបញ្ជាក់ដឬរថា តាមរយៈជំនួបនេះ កម្ពុជា-ជប៉ុន បានផ្ដោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនងការទូត និងការតភ្ជាប់កិច្ចសហប្រតិបត្តិការនានារវាងប្រទេសកម្ពុជា និងជប៉ុន ជាពិសេសការលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ រវាងខេត្តតូឈិហ្គិ និងប្រទេសកម្ពុជា។
ជាលទ្ធផល ភាគីទាំងពីរ បានឯកភាពគ្នា រៀបចំសិក្ខាសាលាវិនិយោគ និងកម្មវិធីផ្គូផ្គងពាណិជ្ជកម្មរវាងវិស័យឯកជនកម្ពុជា-ជប៉ុន នាពេលខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាមួយនឹងគោលដៅសំខាន់ៗ រួមមាន៖ ទី១- ជំរុញការវិនិយោគលើវិស័យកសិកម្ម ការងារ អប់រំ បច្ចេកវិទ្យា និងដឹកជញ្ជូន ទី២- ជំរុញទេសចរណ៍ទ្វេភាគី រវាងខេត្តតូឈិហ្គិ និងកម្ពុជា ទី៣- ជំរុញការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា និងលើកទឹកចិត្តការជ្រើសរើសពលករកម្ពុជា មកធ្វើការនៅខេត្តតូឈិហ្គិ និងទី៤- ពង្រឹងការផ្ទេរបច្ចេកវិទ្យាកសិកម្មទៅកម្ពុជា៕ អត្ថបទ៖ហ្សាលីន


