រដ្ឋសភាកម្ពុជា បង្ហាញសមិទ្ធផល «បរិវត្តកម្មយេនឌ័រ» nigប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងកិច្ចការងារជំរុញ «បរិវត្តកម្មយេនឌ័រក្នុងសភា» តាមរយៈយុទ្ធសាស្ត្រគន្លឹះចំនួន៣ ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលសមាជិកសភាស្ត្រីអាយប៉ា (WAIPA) លើកទី៥ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ តាមប្រព័ន្ធនិម្មិត ដែលរៀបចំឡើងដោយរដ្ឋសភានៃប្រទេសហ្វីលីពីន។

កិច្ចប្រជុំនេះ បានកៀរគរសមាជិកសភាស្ត្រីមកពី ៨ ប្រទេសក្នុងតំបន់អាស៊ាន និងទីម័រឡេស្តេ ដើម្បីពិភាក្សាលើការពង្រឹងតួនាទីស្ត្រីក្នុងស្ថាប័ននីតិប្បញ្ញត្តិ។ នៅក្នុងបទអន្តរាគមន៍ លោកស្រី ឯក សុវណ្ណភារៈ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ រដ្ឋសភាកម្ពុជា ក្នុងកិច្ចការងារជំរុញ «បរិវត្តកម្មយេនឌ័រក្នុងសភា» តាមរយៈយុទ្ធសាស្ត្រគន្លឹះចំនួន ៣ រួមមាន៖
១.ការពង្រឹងសកម្មភាពរួមគ្នា៖ ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយស្ត្រី បន្តដើរតួនាទីយ៉ាងសកម្មក្នុងការត្រួតពិនិត្យ និងតាមដានរាល់សេចក្តីព្រាងច្បាប់នានា ដើម្បីធានាឱ្យបាននូវសមធម៌យេនឌ័រក្នុងប្រព័ន្ធច្បាប់ជាតិ។

២.ការផ្តល់ភាពអង់អាចដល់យុវតី៖ បន្តលើកកម្ពស់ការចូលរួមរបស់យុវតីតាមរយៈយុទ្ធនាការ “Girl2Leader” និង “កម្មវិធីសភាត្រាប់” (ដែលទើបតែបានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី២១-២២ មេសា កន្លងទៅ) ដើម្បីបណ្តុះស្មារតីដឹកនាំដល់យុវជនជំនាន់ក្រោយ។
៣.កំណែទម្រង់ផ្ទៃក្នុងស្ថាប័ន៖ ការផ្តល់ឱកាសស្មើគ្នាចំពោះមុខតំណែង និងការសម្រេចចិត្ត សម្រាប់ទាំងសមាជិករដ្ឋសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
គូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាក៏បានធ្វើបទបង្ហាញលម្អិតអំពី របាយការណ៍វឌ្ឍនភាពនៃការអនុវត្តរបស់សភាកម្ពុជា (២០២៤-២០២៥) លើក្របខ័ណ្ឌនៃការចូលរួមរបស់ស្ត្រីក្នុង វិស័យនយោបាយ និងភាពជាអ្នកដឹកនាំផងដែរ។ ដោយរបាយការណ៍នេះ បានសបញ្ជាក់ឱ្យឃើញពីការរីកចម្រើនជាលំដាប់នៃតួនាទីស្ត្រីកម្ពុជា ទាំងក្នុងឆាកនយោបាយជាតិ និងការចូលរួមចំណែកក្នុងវេទិកាតំបន់៕



