បើកដំណើរការសេវារហ័សភ្លាម! ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះហត្ថលេខាចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់​អចលនវត្ថុ បានចំនួន ១១០ បណ្ណ ជូនប្រជាពលរដ្ឋ

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលប្រជាជន (ច្រកចេញចូលតែមួយ) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់សេវាសាធារណៈរហ័ស (Express Service) នៅរដ្ឋបាល​កណ្តាលក្រសួងជាលើកដំបូង បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១១០ បណ្ណ ជូនប្រជាពលរដ្ឋនិងធុរជន ដែលចុះហត្ថលេខាដោយផ្ទាល់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លើយតបទៅនឹងការវិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា និងដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងធុរជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានជូនដំណឹងពីការ​ពី​រៀបចំយន្តការ ផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី នៅទីស្តីការក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់។

យន្តការផ្តល់សេវាសាធារណៈរហ័ស (Express Service) នេះ រួមមានសេវា៖ ១.ចុះបញ្ជីដីបំពេញ​បន្ថែម ២.ចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ ៣.ចុះបញ្ជីអំពីការបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍ និងសិទ្ធិ​សម្បទានដីសេដ្ឋកិច្ច ៤.ការបំបែកក្បាលដី ៥.ការបង្រួម​ក្បាលដី ៦.ចុះបញ្ជីប្តូរពីបណ្ណភោគៈ មកជាវិញ្ញាបន​បត្រសម្គាល់អចលនវត្ថុ ៧.ចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ឬភោគៈ ឬចំណែកកម្មសិទ្ធិអវិភាគ ឬចំណែកភោគៈ ៨.ចុះបញ្ជីអំពីការផ្ទេរសិទ្ធិសម្បទានដីសេដ្ឋកិច្ច ឬសិទ្ធិជួលអចិន្ត្រៃយ៍ និង ៩.ចេញបណ្ណ/វិញ្ញាបនបត្រ ទុតិយតា ឬតតិយតា គ្រប់ប្រភេទ។

សូមជម្រាបថា ប្រជាពលរដ្ឋ និងធុរជនដែលមានតម្រូវការប្រើប្រាស់សេវារហ័សខាងលើ អាចអញ្ជើញទៅដាក់ពាក្យ​ស្នើសុំនៅច្រកចេញចូលតែមួយ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀងរាល់ម៉ោង​ធ្វើការ៕