ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម បានលើកឡើងថា វិស័យភស្ភុភារកម្មគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកត្តាកំណត់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

ឯកឧត្តមថ្លែងបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយសន្ទស្សន៍ប្រតិបត្តិការភស្ភុភារកម្មថ្មី (LPI 2.0) និងវិធីសាស្រ្តគណនារបស់ធនាគារពិភពលោក កាលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោកស្រី Tania Meyer នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទាំងថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងផ្នែកឯកជនជាច្រើនរូប។
នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម បានគូសបញ្ជាក់ថា វិស័យភស្ភុភារកម្មគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកត្តាកំណត់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ការយល់ដឹងច្បាស់អំពីសន្ទស្សន៍ LPI 2.0 នឹងជួយឱ្យកម្ពុជាអាចកំណត់បាននូវចំណុចខ្វះខាត និងដាក់ចេញនូវវិធានការកែទម្រង់ចំគោលដៅ ដើម្បីកាត់បន្ថយចំណាយភស្ភុភារកម្ម និងបង្កើនប្រសិទ្ធភាពច្រវាក់ផ្គត់ផ្គង់។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងធ្វើឌីជីថលូបនីយកម្មក្នុងប្រព័ន្ធដឹកជញ្ជូន និងការសម្រួលបែបបទឆ្លងកាត់ព្រំដែនឱ្យកាន់តែមានភាពរហ័ស និងតម្លាភាពស្របតាមស្តង់ដារអន្តរជាតិ។

សូមជម្រាបថា តាមរយៈសិក្ខាសាលាខាងលើនេះដែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងដល់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមដឹកជញ្ជូន និងផ្នែកឯកជន អំពីការផ្លាស់ប្តូរវិធីសាស្ត្រវាយតម្លៃរបស់ធនាគារពិភពលោក ដែលប្តូរពីការផ្អែកលើការស្ទង់មតិបែបមតិយោបល់ (Survey-based) មកជាការប្រើប្រាស់ទិន្នន័យជាក់ស្តែង ដើម្បីវាស់វែងប្រសិទ្ធភាពភស្ភុភារកម្មរបស់ប្រទេសនីមួយៗ។ ជាមួយគ្នានោះមន្ត្រីជាន់ខ្ពស់នៃធនាគារពិភពលោក ក៏បានធ្វើបទបង្ហាញសំខាន់ៗ ចំនួន៣ ទៅកាន់អង្គពិធីរួមមាន៖១.សូចនាករប្រតិបត្តិការភស្តុភារកម្មថ្មី និងវិធីសាស្រ្តគណនា, ២.ប៉ាណូឡិកាភស្តុភារកម្ម, និង៣.មជ្ឈមណ្ឌលព័ត៌មានភស្តុភារកម្មជាតិ៕ អត្ថបទ៖ហ្សាលីន

