សម្តេចធិបតី ដឹកនាំប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅប្រទេសហ្វីលីពីន

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី នាយករដ្ឋមន្ត្រី រួមជាមួយនឹងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី០៧-០៨ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្រោមមូលបទ «ដំណើរឆ្ពោះ ទៅកាន់អនាគតរួមគ្នា» កិច្ចប្រជុំកំពូលនឹងផ្តល់ជាវេទិកា សម្រាប់ថ្នាក់ដឹកនាំ អាស៊ាន ដើម្បីពិភាក្សា លើបញ្ហាសំខាន់ៗ ទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និងមាគ៌ាឆ្ពោះទៅមុខ ដោយ ផ្តោតលើ៖ ១) ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២) ស្ថិរភាពសន្តិសុខស្បៀង ៣) សុវត្ថិភាព នៃពលរដ្ឋអាស៊ាន ក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព បរិយាបន្ន និងភាពធន់។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងផលប្រយោជន៍រួម៕ អត្ថបទ៖ហ្សាលីន