ក្រុមហ៊ុន Zhisheng Energy បានមកជួបពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ហាញពីបំណងចង់សិក្សាអំពីលទ្ធភាពវិនិយោគលើការចម្រាញ់ប្រេងនៅកម្ពុជា។ នេះពើយោងតាមជំនួបពិភាក្សារវាងលោកហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ជាមួយគណៈប្រតិភូក្រុមហ៊ុន Zhisheng Energy ដឹកនាំដោយលោក Liu Hui ប្រធានក្រុមហ៊ុន Zhisheng Energy កាលថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ក្នុងជំនួបនោះ លោក Liu Hui ប្រធានក្រុមហ៊ុន Zhisheng Energy បានគោរពរាយការណ៍ជូនអង្គជំនួបពិភាក្សា អំពីអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងបានបង្ហាញនូវចំណាប់ក្នុងការស្វែងយល់អំពីបរិយាកាសវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស ការសិក្សាអំពីលទ្ធភាពវិនិយោគលើការចម្រាញ់ប្រេង នៅព្រះរាជាណាចក្រកម្ពុជា។
លោក ហ៊ាន សាហ៊ីប បានស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន Zhisheng Energy ដែលបានមកសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស សិក្សាអំពីលទ្ធភាពវិនិយោគលើការចម្រាញ់ប្រេង នៅកម្ពុជា ដែលជាវិស័យអាទិភាព និង ទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាល ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនអំពី «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធនឹងការវិនិយោគក្នុងខេត្តព្រះសីហនុ ។

តាមរយៈជំនួបខាងលើ គណៈប្រតិភូក្រុមហ៊ុន Zhisheng Energy ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារ ដែលបានទទួលជួប និង ផ្តល់ព័ត៌មានអំពីសក្តានុពលវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ព្រមទាំងបានសំដែងការចាប់អារម្មណ៍ និង វាយតម្លៃខ្ពស់ លើការរីកចម្រើន និង ការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និង សេដ្ឋកិច្ចដែលផ្សារភ្ជាប់ពីខេត្តព្រះសីហនុ ទៅកាន់តំបន់ផ្សេងទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា និង អន្តរជាតិ៕ អត្ថបទ៖ហ្សាលីន

