លោក ហួត ហាក់៖ ទោះបីជាវិស័យទេសចរណ៍កម្ពុជា កំពុងប្រឈមនឹងស្ថានភាពលំបាកយ៉ាងណា ក៏វិស័យនេះនៅតែបន្តបង្ហាញពីភាពធន់ និងការរីកចម្រើន

សង្គម​ និង​សេដ្ឋកិច្ច

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានថ្លែងថា ទោះបីជាវិស័យទេសចរណ៍កម្ពុជា កំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាក និងវិបត្តិនានាយ៉ាងណាក្តី ក៏វិស័យនេះនៅតែបន្តបង្ហាញពីភាពធន់ និងការរីកចម្រើនទៅមុខយ៉ាងសកម្ម។ លោកថ្លែងបែបនេះ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតលើកទី១ ដើម្បីជំរុញការអនុវត្តយន្តការប្រទ្បងប្រណាំងទីក្រុងស្អាត កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបន្តថា ការអភិវឌ្ឍនេះ ត្រូវបានជំរុញតាមរយៈការលើកកម្ពស់គុណភាពគោលដៅទេសចរណ៍ ការពង្រឹងយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ព្រមទាំងការជំរុញភាពស្អាត និងបៃតងនៅតាមក្រុង និងខណ្ឌទូទាំងប្រទេស ដើម្បីលើកស្ទួយសោភ័ណភាព បរិស្ថាន និងភាពទាក់ទាញរបស់កម្ពុជា។

លោកក៏បានគូសរំលេចផងដែរថា គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំលើកដំបូងនេះ គឺទី១). បង្ហាញសមាសភាពអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, ទី២).ស្តាប់របាយការណ៍វឌ្ឍនភាពការងារ របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, ទី៣).ពិនិត្យលទ្ធផលនៃការវាយតម្លៃទីក្រុងស្អាតលើកទី៤ សុពលភាពឆ្នាំ២០២៦-២០២៩ មុនគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេចចុងក្រោយ និងទី៤). ពិនិត្យលើសកម្មភាពការងារមួយចំនួន ដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ២០២៦នេះ។

លោកបន្ថែមថា លទ្ធផលនៃការវាយតម្លៃទីក្រុងស្អាតនេះមានសូចនាករគោល ចំនួន ៧, សូចនាករលម្អិត ចំនួន ៤១, និងលក្ខណវិនិច្ឆ័យ ចំនួន ១១៣ ហើយត្រូវបានអនុវត្តផ្អែកលើស្តង់ដាទីក្រុងស្អាត និងផ្អែកលើអភិក្រម ចំនួន ៣ គឺទី១). ពិនិត្យលើសមិទ្ធផលកន្លងមក ដែលទទួលបានពីការវាយតម្លៃទីក្រុងស្អាតលើកទី៣ ពោលគឺផ្អែកលើការសន្និដ្ឋានជាមុនថា ការអភិវឌ្ឍរបស់ក្រុង ខណ្ឌបេក្ខភាពត្រូវដើរឆ្ពោះទៅមុខ មិនដើរថយក្រោយ, ទី២). ពិនិត្យលើឯកសារភ្ជាប់ថ្មីៗបន្ថែមទៀតដែលផ្តល់ជូនដោយក្រុង-ខណ្ឌបេក្ខភាព, និងទី៣).ការពិនិត្យទីតាំងជាក់ស្តែងបន្ថែមទៀតទៅតាមសូចនាករនីមួយៗ។

គួរឱ្យដឹងថា ការអនុវត្តយុទ្ធនាការប្រទ្បងប្រណាំងទីក្រុងស្អាត ចាប់តាំងពីការដាក់ឱ្យអនុវត្តដំបូង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ ដែលមានរយៈកាលជិត១៤ឆ្នាំ គិតមកដល់បច្ចុប្បន្ន ដោយគំនិតផ្តួចផ្តើម នេះបានធ្វើឱ្យក្រុង ខណ្ឌទូទាំងប្រទេសមានការប្រែមុខមាត់យ៉ាងច្រើនទាំងក្នុងកម្រិតថ្នាក់ជាតិ និងតំបន់៕