ទូតចិន៖ កំណើនការនាំចេញអង្ករកម្ពុជាបង្ហាញពីតួនាទីដ៏សំខាន់នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់

សង្គម​ និង​សេដ្ឋកិច្ច

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានចាត់ទុកកំណើនការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ គឺបានបង្ហាញពីតួនាទីដ៏សំខាន់នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហ្វេសប៊ុកកាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោក វ៉ាង វិនពីន បានឱ្យដឹងថា យោងតាមតួលេខពីសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ១២៩៣៣២ តោនទៅកាន់ប្រទេសចិន ដែលកើនឡើង ៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ តម្លៃនាំចេញចំនួន ៧៥.៨៨ លានដុល្លារអាមេរិក។

លោក វ៉ាង វិនពីន បានបញ្ជាក់ថា នេះបង្ហាញពីតួនាទីដ៏សំខាន់នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា (CCFTA) ក្នុងការលើកកម្ពស់ពាណិជ្ជកម្មកសិកម្មរបស់កម្ពុជា។

សូមជម្រាបដែរថា ពាក់ព័ន្ធនឹងពាណិជ្ជកម្មអង្កររបស់កម្ពុជាវិញ បច្ចុប្បន្ន ទីផ្សារសហភាពអឺរ៉ុប (EU) មានប្រមាណត្រឹម ២៧% នៃការនាំចេញអង្ករកម្ពុជា ខណៈទីផ្សារចិនបានស្ដារកំណើនឡើងវិញយ៉ាងខ្លាំង ដោយកាន់កាប់ចំណែកជាង ២៨% បន្ទាប់ពីធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺទីផ្សារអាស៊ានកំពុងកើនឡើងដល់ជិត ៣៨% ដឹកនាំដោយប្រទេសហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម។

នេះបង្ហាញថា ការនាំចេញអង្ករកម្ពុជាមិនពឹងផ្អែកជាចម្បងលើទីផ្សារ EU និងចិនដូចមុនឆ្នាំ ២០២៤ ទៀតឡើយ។ រចនាសម្ព័ន្ធទីផ្សារកំពុងវិវត្តទៅជាសសរស្តម្ភសំខាន់ ៣ គឺ EU ចិន និងអាស៊ាន។

សម្រាប់ឆ្នាំ ២០៣០ ខាងមុខ ការនាំចេញអង្ករកម្ពុជានឹងកាន់តែមានភាពសកម្មចម្រុះ ជាពិសេសការពង្រីកទៅកាន់ទីផ្សារអាមេរិកខាងជើង (សហរដ្ឋអាមេរិក និងកាណាដា) និងទីផ្សារអាហ្វ្រិក ដែលនឹងបង្កើនភាពធន់ និងបង្កើតឱកាសកាន់តែទូលំទូលាយសម្រាប់វិស័យស្រូវអង្ករកម្ពុជា៕អត្ថបទ៖ហ្សាលីន