កម្ពុជា ទទួលបានអ្នកដំណើរផ្លូវអាកាសជាង២លាននាក់ ថយចុះ៤% ត្រឹម៤ខែឆ្នាំនេះ

សង្គម​ និង​សេដ្ឋកិច្ច

រយៈពេល៤ខែ ឆ្នាំ២០២៦នេះ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ២លាននាក់ ខណៈចំនួននេះ ថយចុះ៤% បើធៀបទៅនឹងរយៈពេល ៤ខែដូចគ្នា ឆ្នាំ២០២៥ ។ នេះបើយោងតាម លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល កាលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា រយៈពេល៤ខែ ដើមឆ្នាំ២០២៦ ដោយគិតពីខែមករា ដល់មេសា អាកាសយានដ្ឋានអន្តរជាតិទាំង៣ (តេជោ-សៀមរាបអង្គរ-ព្រះសីហនុ) ទទួលជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួន២៣,២០៤ ជើង មានការកើនឡើងប្រមាណ២% ។

លោក កត់សម្គាល់ថា ជើងហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ (Lao Airlines – QV) ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ចំណែកឯកជើងហោះហើរចេញ-ចូល រវាងបាងកក-ភ្នំពេញ-បាងកក ក៏មានការថមថយមួយចំនួនផងដែរ។

លោកថា សម្រាប់អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួន ២,៤២៨,០០៩ នាក់ មានការថយចុះប្រមាណ៤%។ ដោយឡែកទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានចំនួន៣០,៤៤៨ តោន មានការកើនឡើងប្រមាណ៣៦%។

សូមជម្រាបថា បើគិតត្រឹមថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ មានក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុង ប្រតិបត្តិការ ហោះហើរចេញ-ចូលមានចំនួន ៣៣ ក្រុមហ៊ុន (រួមមានក្រុមហ៊ុនក្នុងស្រុក ៤ និងអន្តរជាតិ ២៩) ដែលមានជើងហោះហើរ (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន៧០៨ជើង/សប្តាហ៍, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន ២២៤ ជើង/សប្តាហ៍, អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន ៥០ជើង/សប្តាហ៍ និងអាកាសយានដ្ឋានតារាសាគរ ចំនួន ៤ ជើង/សប្តាហ៍ (ទ្វេទិស) ជាជើងហោះហើរក្នុងស្រុករវាងព្រលានយន្តហោះតេជោអន្តរជាតិ និងព្រលានយន្តហោះតារាសាគរ។នេះបើយោងតាមលោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់បន្ថែម៕ អត្ថបទ៖ហ្សាលីន