ប្រទេសអាល់ស៊ៃបៃហ្ស៊ង់៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍លើកឡើងនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិថា កម្ពុជារំពឹងថានឹងដោះស្រាយបញ្ហានៃការតាំងទីលំនៅក្រៅផ្លូវការទាំងស្រុង នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

ឯកឧត្តមមានប្រសាសន៍ដូច្នេះនៅក្នុងអំឡុងសម័យប្រជុំលើកទី១៣ នៃវេទិកាទីក្រុងពិភពលោករបស់អង្គការសហប្រជាជាតិ (WUF13) នៅទីក្រុងបាគូ ប្រទេសអាល់ស៊ៃបៃហ្ស៊ង់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ដែលជាថ្ងៃចាប់ផ្តើមនៃកិច្ចប្រជុំនេះ។
វេទិកា WUF13 បាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែឧសភា ដែលមានអ្នកចូលរួមពីប្រតិភូ អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញជាង៤ម៉ឺននាក់ មកពី១៨២ប្រទេស។ វេទិការនេះមានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើលំនៅឋានគ្រប់គ្រាន់ និងការអភិវឌ្ឍទីក្រុងពិភពលោកប្រកបដោយនិរន្តរភាព។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកឡើងថា ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានផ្តល់ដីកសិកម្ម និងលំនៅដ្ឋានដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ និងបានប្រែជីវភាពរបស់ពលរដ្ឋក្រីក្រចំនួន ៥សែនគ្រួសារ ផ្លាស់ប្តូរទៅជាគ្រួសារដែលមានជីវភាពមធ្យម។
ជាមួយគ្នានេះរដ្ឋាភិបាលកម្ពុជា ក៏កំពុងគាំទ្រដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់តាំងទីលំនៅក្រៅផ្លូវការ ដោយផ្តល់ការងារ អត្រាការប្រាក់ ប្រាក់កម្ចីអនុគ្រោះ កម្មវិធីសន្សំ និងលំនៅដ្ឋានថ្មី៕







