អភិបាលខេត្ដប៉ៃលិន ផ្ញើសារព្រមានទៅម្ចាស់ទីតាំងជួលពីវិធានការតឹងរ៉ឹងបង្រ្កាប scam online បើរកឃើញជាប់ទោសដោយគ្មានលើកលែង

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ដប៉ៃលិន បានផ្ញើសារព្រមានដល់ម្ចាស់ទីតាំងដែលជួលស្នាក់នៅទាំងអស់ក្នុងខេត្តប៉ៃលិន ដោយបានបញ្ជាក់ពីវិន័យតឹងរ៉ឹងរបស់ខេត្ដ ក៏ដូចជារាជរដ្ឋាភិបាលដើម្បីបង្រ្កាប scam online ឱ្យអស់ពីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦, លោកស្រី បាន ស្រីមុំ បានលើកឡើងថា «ជូនម្ចាស់ទីតាំងដែលជួលស្នាក់នៅទាំងអស់ក្នុងខេត្តប៉ៃលិន។ ការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើយើងរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល(១០០០ដុល្លារ) បើលើសចំនួននិងសូមគុណគូរដោយខ្លួនឯង (ច្បាប់ក៍បានអនុវត្តន៍ចំពោះទីតាំងមួយចំនួនរួចហើយ ដោយគ្មានការលើកលែងជាដាច់ខាត។»

លោកស្រី បានបន្ថែមថា«បើរកឃើញមានសហការបើកscam online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌ បន្ថែមទៀត។ កុំគិតថាប្រយោជន៍តិចតួចបំផ្លាញកិត្តិយសខេត្ត និងជាតិយើង ខ្ញុំតាមស្រោវជ្រាវចាប់គ្រប់ទីកន្លែង។»

ទន្ទឹមនឹងនេះ លោកស្រី បាន ស្រីមុំ ក៏បានបញ្ជាក់ថា លោកស្រីបានសច្ចាធានាជូនសម្តេចនាយករដ្ឋមន្ត្រីរួចហើយប្តេជ្ញាចូលរួមបោសសំអាតscam online អោយអស់ពីខេត្ត និង កម្ពុជាដើម្បីលើកមុខមាត់កិត្តិយសកម្ពុជាយើង។

អភិបាលខេត្ដប៉ៃលិនរូបនេះ បានសង្កត់ធ្ងន់ថា ម្ចាស់ទីតាំង ប្រជាពលរដ្ឋ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ ឈប់អន្តរាគមន៍ សហការបិទបាំង រិះរកគ្រប់វិធីដើម្បីបន្លំខ្លួនក្លែងភេទទៀតទៅ លោកស្រីបានប្តេជ្ញាចិត្តនិង បោសសម្អាតផ្ទះយើងឱ្យបានស្អាត ដើម្បីរង់ចាំទទួលភ្ញៀវល្អៗមកកំសាន្ត ឬបណ្តាក់ទុន៕