កម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីឱ្យកាន់តែសកម្ម

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីឱ្យកាន់តែសកម្ម ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍ និងទំនិញម៉ាឡេស៊ីឆ្នាំ២០២៦» (Malaysia Travel and Shopping Fair 2026) កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី ក្រោមការគាំទ្រពីស្ថានទូតម៉ាឡេស៊ីប្រចាំទីក្រុងភ្នំពេញ ក្រោមវត្តមាន លោក ជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Shaharuddin bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ម៉ាឡេស៊ីប្រចាំកម្ពុជា អង្គទូតនានាប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ដៃគូវិស័យឯកជន ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមប្រឹក្សាសុខាភិបាលម៉ាឡេស៊ី ក្រុមហ៊ុនម៉ាឡេស៊ី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិច្រើន១៥០រូប។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងថា វិស័យទេសចរណ៍ ពិតជាមិនអាចកាត់ផ្តាច់បានពីកត្តាសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងសង្គម ព្រមទាំងកិច្ចសហប្រតិបត្តិអន្តរជាតិជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីជំរុញការធ្វើដំណើរផ្លាស់ប្តូរប្រជាជន អ្នកវិនិយោគិន អ្នកធ្វើដំណើរ និងអ្នកធ្វើទេសចរ ព្រមទាំងការតភ្ជាប់តាមផ្លូវអាកាសមកកម្ពុជាពីគ្រប់តំបន់នានានៃពិភពលោក។ ហើយវិស័យនេះ គឺជាវិស័យអាទិភាព និងជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦ ដែលផ្តល់ជូនបទពិសោធន៍ទេសចរណ៍ប្លែក បៃតងស្រស់ស្អាត និងបរិយាកាសត្រជាក់ ជាមួយអត្ថប្រយោជន៍ពិសេសជាច្រើន ស្របតាមពាក្យស្លោក “6 Musts” រួមមាន Must See, Must Stay, Must Taste, Must Visit, Must Try និង Must Buy។

តាមរយៈព្រឹត្តិការនេះ កម្ពុជា-ម៉ាឡេស៊ី រំពឹងថា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ ការតភ្ជាប់ប្រជាជននិងប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី ឱ្យកាន់តែសកម្ម ស៊ីជំរៅ រឹងមាំ និងផ្តល់ជាប្រយោជន៍អតិបរមាដល់ប្រជាជននៃប្រទេសទំាងពីរបន្ថែមទៀត។

គូសបញ្ជាក់ផងដែរថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ាឡេស៊ី មានរយៈពេល៦៩ឆ្នាំ ប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាពិសេសក្នុងវិស័យទេសចរណ៍៕ អត្ថបទ៖ហ្សាលីន