ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស បានបញ្ជាក់ថា រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ខណៈរដ្ឋាភិបាលស្វីស ក៏គាំទ្រការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ដែលអនុលោមតាមច្បាប់អន្តរជាតិផងដែរ។

នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីសប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា កាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។
នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតស្វីស បានកោតសរសើរការអភិវឌ្ឍរីកចម្រើនយ៉ាងរហ័សរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងគូសបញ្ជាក់អំពីការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាលស្វីស ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ។
ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនស្វីស ដែលបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសមន្ទីរពេទ្យគន្ធបុប្ផា។ សម្ដេចធិបតីថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការពង្រឹងវិស័យសុខាភិបាល និងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាជន ជាអាទិភាពដ៏សំខាន់ និង ចាំបាច់របស់កម្ពុជា។ សម្ដេចធិបតី បានគូសបញ្ជាក់ដែរថា កម្ពុជានិងស្វីសនៅមានសក្តានុពលជាច្រើនទៀតនៅក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនេះ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច, វិនិយោគ, ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមជម្រាប់ដែរថា តាមរយៈជំនួបនេះដែរ, សម្ដេចធិបតីក៏បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាម អនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។ ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា រដ្ឋាភិបាលស្វីសគាំទ្រការបន្តអនុវត្តបទឈប់បាញ់របស់ភាគីទាំងពីរ និងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់៕អត្ថបទ៖ហ្សាលីន



