ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ក្រោយអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា មានយុវជនប្រមាណ ១ម៉ឺននាក់បានចុះឈ្មោះ ដោយភាគច្រើនជាកូនថ្នាក់ដឹកនាំ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា ការរៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវការការស្រាវជ្រាវបន្ថែមជាច្រើន ដើម្បីកំណត់ឱ្យច្បាស់នូវលក្ខខណ្ឌសម្រាប់ដំណើរការចុះឈ្មោះ អំឡុងពេលហ្វឹកហាត់ និងក្រោយពេលហ្វឹកហាត់ត្រូវបានបញ្ចប់។

លោកបន្តថា បន្ទាប់ពីប្រកាសដាក់ឱ្យដំណើរការច្បាប់នេះឡើងវិញ មានយុវជនប្រមាណ ១ម៉ឺននាក់ហើយបានចុះឈ្មោះ។ លោក បានថ្លែងបញ្ជាក់ដូច្នេះថា៖ «មិនថាកូនអ្នកធំ កូនអ្នកមាន កូនកសិករ គឺមានសិទ្ធិចូលទាំងអស់គ្នា។ ហើយបច្ចុប្បន្ននេះ អ្នកដែលដាក់ពាក្យមកសុទ្ធតែកូនថ្នាក់ដឹកនាំ»។
លោក ទៀ សីហា បានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តច្បាប់នេះ ដើម្បីបើកឱកាសដល់យុវជនចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ករណីប្រទេសមានភាពអាសន្ននៅពេលណាមួយ។
សូមជម្រាបជូនថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។ ការបំពេញកាតព្វកិច្ចយោធាមានរយៈពេលកំណត់ ២៤ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច ហើយអាចបន្តបានមិនឱ្យលើសពី ៦ខែ ក្នុងករណីចាំបាច់។ យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធា ត្រូវស្ថិតក្នុងបញ្ជីយោធិនបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ៕



