លោក មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្វាគមន៍ចំពោះការបង្កើតការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍លុចសំបួ “Lux-Development S.A.” នៅរាជធានីភ្នំពេញ នាពេលខាងមុខ ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ការប្រកាសស្វាគមន៍នេះ ធ្វើឡើងនៅក្នុងឱកាសដែលលោក មាស គឹមហេង ទទួលការចូលជួបសម្តែងការគួរសមរបស់លោក Thomas LAMMAR ភារៈធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
លើកឡើងនៅក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីចំណងមិត្តភាពដ៏កក់ក្តៅរវាងកម្ពុជា និងលុចសំបួ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនៃប្រទេសលុចសំបួក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទូទៅរវាងប្រទេសទាំងពីរ កាលពីឆ្នាំមុន។
ជាការឆ្លើយតប លោក Thomas LAMMAR បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់លុចសំបួចំពោះអាទិភាព អភិវឌ្ឍជាតិរបស់កម្ពុជាស្របនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ការការពារបរិស្ថាន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការដោះមីនមនុស្សធម៌។ លោកភារៈធារីស្តីទីក៏បានណែនាំបេក្ខភាព នាយិកាគ្រប់គ្រងការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍របស់លុចសំបួប្រចាំកម្ពុជាផងដែរ៕




