នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបង្ហាញការចាប់អារម្មណ៍ទៅលើលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ ខណៈសម្តេចក៏សូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបបន្ថែមផងដែរ។

សម្តេចតេជោ ហ៊ុន សែនមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក តែសម្តេចតេជោ សូមទុកឲ្យប្រជាជនទាំងពីរពិចារណាលើអ្វីដែលោក Surachart បានសរសេរៀបរាប់។
ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖
បញ្ហាផែនទីខណ្ឌសីមាព្រំដែនគោក ថៃ-កម្ពុជា តាមការលើកឡើងរបស់លោក Surachart Bamrungsuk ផ្សាយលើគណនី Facebook: Matichon Weekly – มติชนสุดสัปดาห์ : ថ្ងៃទី 01/06/2026។ លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ បានលើកឡើងថា «ខ្ញុំគិតជាច្រើនដងហើយថា តើខ្ញុំគួរតែសរសេរសំបុត្រចំហមួយច្បាប់នេះផ្ញើជូនលោក Anutin ដែរឬទេ ប៉ុន្តែនៅពេលគិតដល់ព័ត៌មានស្តីពីខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ដែលនាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានផ្សេងៗរួចមក ខ្ញុំក៏សម្រេចចិត្តថា ខ្ញុំគួរតែសរសេរដើម្បីសុំការអនុញ្ញាតជម្រាបជូនព័ត៌មានពាក់ព័ន្ធនឹងរឿងខាងលើ។
រឿងដែលខ្ញុំបានលើកឡើង អាចនឹងផ្ទុយពីព័ត៌មានដែលលោកបានដឹង ដោយសារព័ត៌មានដែលពាក់ព័ន្ធនឹងរឿងខ្សែបន្ទាត់ព្រំដែនបែបនេះ គឺជារឿងដែលមានសារៈសំខាន់ខ្លាំងចំពោះ «ផលប្រយោជន៍ជាតិ» របស់ថៃ។ ដូច្នេះហើយទើបខ្ញុំត្រូវសុំការអនុញ្ញាតបង្ហាញជូនដើម្បីឱ្យមានភាពច្បាស់លាស់ ទោះបីជាដឹងថា វាអាចនឹងមិនត្រូវចិត្តលោកក៏ដោយ។
ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ព័ត៌មាន នាយករដ្ឋមន្ត្រីបានប្រកាសថា ប្រទេសថៃនឹងប្រកាន់យកតែផែនទីខ្នាត 1:50,000 តែប៉ុណ្ណោះ ហើយថែមទាំងបានប្រកាសសង្កត់ធ្ងន់ទៀតថា បើប្រើផែនទីខ្នាត 1:200,000 គឺមិនបាច់មកជជែកជាមួយប្រទេសថៃឡើយ។
ខ្ញុំចង់សុំការអនុញ្ញាតប្រាប់ដល់នាយករដ្ឋមន្ត្រីវិញថា នៅក្នុងការចរចាបញ្ហាវិវាទរឿងបន្ទាត់ព្រំដែនរវាងប្រទេស និងប្រទេស រដ្ឋគូភាគីវិវាទនឹងប្រើប្រាស់តែផែនទី ដែលទទួលបានការផ្តល់សច្ចាប័នរួចហើយតែប៉ុណ្ណោះ ចំណែកឯផែនទីផ្សេងទៀតដែលមិនទាន់ទទួលបានការផ្តល់សច្ចាប័ន គឺមិនអាចយកមកប្រើប្រាស់ជាភស្តុតាង នៅក្នុងការចរចាបញ្ហាអន្តរជាតិបានឡើយ។
ដូចដែលនាយករដ្ឋមន្ត្រីបានដឹងស្រាប់ហើយថា ប្រទេសសៀម និងបារាំង បានចុះហត្ថលេខាលើសន្ធិសញ្ញារវាងគ្នាចំនួន 3 ច្បាប់ គឺ៖ សន្ធិសញ្ញា រ.ស. 112 (សន្ធិសញ្ញាបន្ទាប់ពីវិបត្តិនៃសម័យRattanakosin 112 (ឆ្នាំ1893), អនុសញ្ញា រ.ស. 112 (ឆ្នាំ1904 – គឺជាការកែប្រែសន្ធិសញ្ញាឆ្នាំ1893) និងសន្ធិសញ្ញា រ.ស. 125 (ឆ្នាំ1907)។
ទាក់ទងនឹងបញ្ហានេះ ផែនទីត្រូវរៀបចំឡើងដោយគណៈកម្មការបោះបង្គោលព្រំដែន ដោយធ្វើឡើងស្របតាមអនុសញ្ញាឆ្នាំ1904 និងសន្ធិសញ្ញាឆ្នាំ1907 ហើយមានការបោះពុម្ពផ្សាយផែនទីចំនួន៥០ច្បាប់ ដើម្បីផ្ញើជូនរដ្ឋាភិបាលសៀម តាមរយៈស្ថានទូតសៀមប្រចាំទីក្រុងប៉ារីស ហើយយើងបានទទួលផែនទីទាំងនោះនៅក្នុងខែសីហា ឆ្នាំ1908។
ដូច្នេះប្រសិនបើមានបញ្ហា ឬ មានវិវាទណាមួយកើតឡើង រដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់តែសន្ធិសញ្ញា និងផែនទីនេះប៉ុណ្ណោះ ជាឧបករណ៍ក្នុងការដោះស្រាយវិវាទហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរមានកាតព្វកិច្ចត្រូវប្រើប្រាស់សន្ធិសញ្ញា និងផែនទីខាងលើ។
គេមិនបាច់គិតគូរថា តើផែនទីនេះមានខ្នាតប៉ុន្មាននោះទេ ព្រោះវាជាផែនទីដែលទទួលបានការផ្តល់សច្ចាប័នរួចរាល់ហើយ ហើយប្រធានបទនេះត្រូវបានចាត់ទុកជា គោលការណ៍នៅក្នុងនយោបាយអន្តរជាតិដែលថា ផែនទីដែលមិនទទួលបានការផ្តល់សច្ចាប័ន គឺមិនអាចយកមកអះអាងសិទ្ធិរបស់រដ្ឋតាមផ្លូវច្បាប់បានឡើយ។
តាមការពិតទៅបញ្ហាដោះស្រាយរឿងផែនទីខណ្ឌសីមាព្រំដែនថៃ-កម្ពុជា បើត្រឡប់ទៅពិនិត្យមើលខ្លឹមសារសំខាន់នៃ «សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ករណីប្រាសាទព្រះវិហារ» នៅក្នុងឆ្នាំ១៩៦២ គឺមានភាពច្បាស់លាស់ណាស់ថា ផែនទីដែលភាគីកម្ពុជាប្រើប្រាស់ក្នុងការតស៊ូក្តី គឺ «ផែនទីខណ្ឌសីមា (ផែនទីឧបសម្ព័ន្ធទី1)»។
ចំណែកឯផែនទីដែលភាគីថៃនៅក្នុងសម័យរដ្ឋាភិបាលរបស់លោក Sarit Thanarat ប្រើប្រាស់នោះ គឺ «ផែនទីដែលធ្វើឡើងដោយអ្នកជំនាញភាគីថៃ» (ប្រយោគនេះមានបង្ហាញនៅលើផែនទីដែលរដ្ឋាភិបាលថៃបានផ្ញើជូនតុលាការពិភពលោក)។ នាយករដ្ឋមន្ត្រីប្រាកដជាបានដឹងច្បាស់ហើយថា រវាង «ផែនទីខណ្ឌសីមា» របស់ភាគីកម្ពុជា ជាមួយ «ផែនទីដែលធ្វើឡើងដោយអ្នកជំនាញថៃ» នោះ ផែនទីរបស់ភាគីថៃទំនងជាចំណុចដែលមានភាពចាញ់ប្រៀបខ្លាំងជាង នៅក្នុងការតស៊ូក្តីនៅក្នុងតុលាការអន្តរជាតិ។
ការដែលខ្ញុំលើកយកប្រធានបទផែនទីក្នុងឆ្នាំ 1962 មកធ្វើការប្រៀបធៀបបែបនេះគឺដើម្បីបង្ហាញឱ្យឃើញថា នៅទីបំផុតនៅពេលដែលមានវិវាទរវាងប្រទេសទាំងពីរ កើតឡើង រដ្ឋគូភាគីវិវាទត្រូវតែប្រើប្រាស់ផែនទីខណ្ឌសីមាជាឧបករណ៍ក្នុងការដោះស្រាយបញ្ហា។ ការដែលនាយករដ្ឋមន្ត្រីនិយាយដល់ផែនទីផ្សេងទៀត វាក៏អាចមិនខុសពីការដែលលោក Sarit Thanarat ប្រើប្រាស់ផែនទីរបស់អ្នកជំនាញថៃនោះដែរ។
ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងមានផែនទីផ្សេងទៀតដែលបង្ហាញពីខ្សែបន្ទាត់ព្រំដែនរបស់រដ្ឋ ប៉ុន្តែផែនទីទាំងនេះត្រូវបានធ្វើឡើងដើម្បីប្រើប្រាស់ក្នុងបេសកកម្មផ្សេង ទៀត ដូចជាក្នុងបេសកកម្មយុទ្ធសាស្ត្ររបស់យោធា។ប៉ុន្តែវាមិនមានអត្ថន័យក្នុងការអនុញ្ញាត ឱ្យយកមកប្រើប្រាស់ក្នុងរឿងដែលពាក់ព័ន្ធនឹងបន្ទាត់ព្រំដែនរបស់រដ្ឋឡើយ ដូចដែលមានខ្លឹមសារបង្ហាញយ៉ាងច្បាស់នៅលើគែមផែនទីយោធាថា «ខ្សែខណ្ឌចែកដែនដីមិនត្រូវបានកំណត់ជាផ្លូវការឡើយ» (Boundary representation is not necessarily authoritative)។
ដូច្នេះទោះបីជាប្រទេសថៃមានប្រៀបនៅក្នុងផែនទីបែបនេះយ៉ាងណាក៏ដោយ ក៏ផែនទីបែបនេះមិនអាចយកទៅអះអាងសិទ្ធិក្នុងផ្លូវច្បាប់អន្តរជាតិបានឡើយ ឬក្នុងន័យដូចគ្នានេះ គឺមិនអាចយកទៅតស៊ូនៅក្នុងតុលាការពិភពលោកបានទេ។ ទោះបីជាផែនទីនេះមានខ្នាតដែលនាយករដ្ឋមន្ត្រីជឿជាក់ថា ជាភាពមានប្រៀប ដែលសំដៅទៅលើផែនទីខ្នាត 1:50,000 ក៏ដោយ ក៏វាមិនមានន័យអ្វីដែរ ព្រោះផែនទីនេះមិនមានការទទួលស្គាល់ពីរដ្ឋជិតខាង និងមិនមែនជាផែនទីដែលប្រើប្រាស់ក្នុងការកំណត់បន្ទាត់ព្រំដែនរវាងប្រទេសនោះឡើយ។
ហេតុដូច្នេះ ខ្ញុំត្រូវសុំការអនុញ្ញាតជម្រាបជូននាយករដ្ឋមន្ត្រីថា ផែនទីយោធាដែលលោកលើកឡើងមកនោះ បើទោះបីជាវា «មានប្រៀប» តែវាមិនអាចយកទៅប្រើប្រាស់ ក្នុងដំណើរការផ្លូវច្បាប់បានឡើយ។ ហើយប្រសិនបើយកទៅដាក់ជូនតុលាការពិភពលោក ក៏មិនអាចប្រើប្រាស់ជាភស្តុតាងយោងបានដែរ ព្រោះខ្លឹមសារនៅលើគែមផែនទីនោះ បានបញ្ជាក់ច្បាស់រួចទៅហើយថា មិនមែនជាផែនទីប្រើសម្រាប់រឿងបន្ទាត់ព្រំដែនឡើយ។
ប្រសិនបើមាននរណាម្នាក់ទៅប្រាប់នាយករដ្ឋមន្ត្រីឱ្យរកផ្លូវចេញផ្សេងទៀតដោយប្រើតែផែនទីខ្នាត 1:50,000 នោះ វាមិនអាចប្រើប្រាស់បានតាមផ្លូវច្បាប់បានទេ ប៉ុន្តែបើចង់ប្រើ គឺត្រូវតែប្រើផែនទីខណ្ឌសីមា ដែលមានខ្នាត 1:200,000 នោះ។
ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីបានបង្ហាញជំហរយ៉ាងច្បាស់លាស់នៅក្នុងវេទិកាសាធារណៈ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសថៃថា រដ្ឋាភិបាលរបស់លោកនឹងមិនទទួលយកផែនទីខណ្ឌសីមាដែលមានខ្នាតបែបនេះឡើយ។ការលើកឡើងនេះបានធ្វើឱ្យមានមនុស្សឆ្លៀតឱកាសមួយចំនួន បានស្នើដល់រដ្ឋាភិបាលថៃឱ្យធ្វើការបដិសេធទាំងអស់ ពោលគឺមិនទទួលយកសន្ធិសញ្ញាទាំង 3 ច្បាប់ និងផែនទីខណ្ឌសីមាជាមួយកម្ពុជាតែម្តង។

សម្តេចតេជោ បន្តថាសំណើខាងលើ គឺជារឿងដែលមិនអាចទៅរួចឡើយទាំងនៅក្នុងការអនុវត្តជាក់ស្តែង និងនៅក្នុងផ្លូវប្រវត្តិសាស្ត្រ។ ព្រោះកិច្ចព្រមព្រៀង និងផែនទីខណ្ឌសីមាទាំងអស់នេះ គឺជារបស់ធានាអះអាងពាក់ព័ន្ធនឹងបន្ទាត់ព្រំដែនសៀមតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ការមិនទទួលយកឯកសារនេះ មិនមែនជាផ្លូវចេញដ៏ល្អនោះទេ ព្រោះការប្រកាសលុបចោលកិច្ចព្រមព្រៀងអន្តរជាតិដែលទទួលបានការផ្តល់សច្ចាប័នរួចមកហើយនោះ មិនមែនជារឿងដែលផ្តល់ផលប្រយោជន៍ដល់ថៃឡើយ ហើយវាអាចនឹងក្លាយទៅជាភាពចាញ់ប្រៀបក្នុងផ្លូវនយោបាយទៅឱ្យភាគីកម្ពុជាវិញ។
ម្យ៉ាងវិញទៀត សន្ធិសញ្ញា និងផែនទីទាំងអស់នេះ ត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងបន្ទាត់ព្រំដែនថៃ-ឡាវ និងថៃ-កម្ពុជា ពោលគឺវាជាឯកសារដែលប្រើប្រាស់សម្រាប់ គ្រប់គ្រងខ្សែបន្ទាត់ព្រំដែនប៉ែកខាងកើតរបស់ថៃទាំងមូល ដែលវាអាចនឹងមានទាំងផ្នែកចំណេញ និងផ្នែកខាតបង់លាយឡំគ្នា មិនមែនមានលក្ខណៈតែម្ខាង ទៅតាមអ្វីដែលបានលើកឡើងតៗគ្នាមកនោះឡើយ។
ដូច្នេះប្រសិនបើពិនិត្យមើលរូបភាពរួមទាំងមូល គឺមិនមែនប្រទេសសៀមចាញ់ប្រៀបទាំងអស់ ដូចដែលយើងធ្លាប់ជឿតាមគ្នាមកនោះទេ ព្រោះនៅក្នុងផ្នែកមួយទៀត ត្រូវដឹងថាមន្ត្រីខណ្ឌសីមា រួមទាំងក្រុមជាងវាស់វែងរបស់សៀមនាពេលនោះ មិនមែនជាអ្នកដែលខ្វះចំណេះដឹង រហូតដល់មិនមានការយល់ដឹងនៅក្នុងរឿងខណ្ឌសីមាព្រំដែននោះឡើយ។
នេះដោយសារតែយើងតែងតែបង្កើតការស្រមៃចេញពីការជឿជាក់ថា បារាំងមានអំណាចខ្លាំងជាងសៀមនៅក្នុងយុគសម័យអាណានិគម ទើបអាចកេងប្រវ័ញ្ចយកប្រៀបមកលើសៀមបានទាំងអស់ ទាំងដែលការជឿបែបនោះអាចនឹងមិនមែនជាការពិត រហូតក្លាយទៅជាបញ្ហានយោបាយនៅក្នុងពេលបច្ចុប្បន្ន។
សម្រាប់ប្រធានបទនេះ ខ្ញុំចង់សុំការអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រី សាកសួរអ្នកចេះដឹងដែលមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ និងជាអ្នកជំនាញពិតប្រាកដ ដែលអាចនឹងមិនមែនជាអ្នកនយោបាយដូចជា រដ្ឋមន្ត្រីក្រសួងការបរទេសបច្ចុប្បន្ន ដែលពេលខ្លះលោកអាចនឹងត្រូវលាក់ចំណេះដឹងពាក់ព័ន្ធនឹងរឿងខ្សែបន្ទាត់ព្រំដែន ដើម្បីកុំឱ្យមានទំនាស់ជាមួយនាយករដ្ឋមន្ត្រី។
ខ្ញុំសង្ឃឹមថា ខ្លឹមសារទាំងអស់ដែលបានសរសេរជូននាយករដ្ឋមន្ត្រីបែបនេះ លោកនឹងមិនខឹងសម្បារ និងមិនលើកឡើងតែពីការបដិសេធនោះទេ។ ព្រោះខ្ញុំមិនចង់ឃើញ ប្រទេសថៃត្រូវបានជំរុញឱ្យទៅស្ថិតនៅក្នុងជ្រុងដែលចាញ់ប្រៀប ហើយក៏មិនចង់ឃើញនាយករដ្ឋមន្ត្រី ដើរចូលទៅជាប់ «អន្ទាក់នៃជម្លោះ» ដូចដែលរដ្ឋាភិបាលថៃនៅក្នុងឆ្នាំ ២០១១ ធ្លាប់ជួបប្រទះបញ្ហានេះម្តងហើយ ដែលកាលនោះវាបានបញ្ចប់ទៅដោយសាលដីការបស់តុលាការពិភពលោកនៅក្នុងឆ្នាំ២០១៣ ដែលមានន័យស្មើនឹងការចាញ់ក្តីនៅក្នុងតុលាការពិភពលោកជាលើកទី២។
ក្រៅពីនេះ ខ្ញុំនៅតែបញ្ជាក់ថា មតិយោបល់នៅក្នុងរឿងផែនទី និងព័ត៌មានដែលបានជម្រាបជូនខាងលើ គឺមិនមានប្រធានបទនយោបាយណាមួយបង្កប់លាក់លៀមឡើយ។ ព័ត៌មានខាងលើអាចបញ្ជាក់ពីភាពត្រឹមត្រូវតាមផ្លូវច្បាប់អន្តរជាតិបានពិតប្រាកដ ដែលខ្ញុំជឿជាក់ថា មន្ត្រីរាជការដែលនៅតែ «ស្មោះត្រង់ និងមានវិជ្ជាជីវៈខ្ពស់» នៅក្នុងនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់ របស់ក្រសួងការបរទេស និងនាយកដ្ឋានផែនទីយោធា ក៏អាចបញ្ជាក់ពីមតិយោបល់បែបនេះបានដូចគ្នាដែរ។
ចុងក្រោយនេះ ការប្រកាសរបស់នាយករដ្ឋមន្ត្រីឱ្យប្រើប្រាស់ផែនទីផ្សេងទៀត ដែលមិនមែនជាផែនទីខណ្ឌសីមានោះ អាចនឹងក្លាយជាច្រកផ្លូវឱ្យរដ្ឋាភិបាលកម្ពុជាយកមកធ្វើជាប្រធានបទក្នុងការស្នើសុំមតិយោបល់ទៅកាន់តុលាការពិភពលោកម្តងទៀត ដោយសារតែសាលដីការបស់តុលាការពិភពលោកក្នុងឆ្នាំ1962 នោះ មានផ្នែកដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយប្រធានបទរឿងផែនទីខណ្ឌសីមា។
ទោះបីជារដ្ឋាភិបាលថៃបញ្ជាក់ថា ប្រទេសថៃមានសិទ្ធិក្នុងការមិនព្រមទទួលយកអំណាចរបស់តុលាការពិភពលោកក៏ដោយ។ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង យើងបានទទួលយកអំណាចរបស់តុលាការពិភពលោករួចទៅហើយ ទាំងនៅក្នុងឆ្នាំ1962និង2013 ហេតុដូច្នេះ បញ្ហានេះអាចធ្វើឱ្យថៃត្រូវត្រឡប់ទៅកាន់ តុលាការពិភពលោកម្តងទៀតបានដោយមិនពិបាកឡើយ។
សូមជូនព័ត៌មាននេះដល់នាយករដ្ឋមន្ត្រី ដើម្បីជ្រាប និងពិចារណា ដោយក្តីបារម្ភបំផុត ព្រោះខ្ញុំមិនចង់ឃើញលោកត្រូវបានគេអូសទាញឱ្យចូលទៅក្នុង «អន្ទាក់ច្បាប់» នៃបញ្ហាក្នុងរឿងផែនទីខណ្ឌសីមា ដោយគ្មានការជំទាស់ពីភាគីអ្នកច្បាប់ និងអ្នកជំនាញនោះឡើយ៕


