សាកលវិទ្យាល័យអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន ត្រៀមបង្កើនអាហារូបករណ៍ និងទទួលយកនិស្សិតកម្ពុជាទៅបន្តការសិក្សាបន្ថែមទៀត។

នេះបើយោងតាមជំនួបរវាងលោក ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងជាប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាមួយ លោក Wang Shouguo សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យអានហួយ និងសហការី កាលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។
នាឱកាសនោះ លោក ឡាវ វ៉ាន់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកស្ថាប័នដែលបានចូលរួមក្នុងវិស័យអប់រំ ជាដៃគូសហការដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមតម្រង់ទិសអនាគតយុវជនកម្ពុជា ឱ្យមានជំនាញរឹងមាំ ភាពធន់ និងសមត្ថភាពបត់បែនខ្ពស់ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការទីផ្សារការងារក្នុងតំបន់ និងសកលលោក។

ក្នុងន័យនេះ លោកថា សាកលវិទ្យាល័យអានហួយ ជាដៃគូសហការដ៏ជិតស្និទ្ធរបស់គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត កំពុងរួមគ្នាកសាងមូលធនមនុស្ស ប្រកបដោយសក្តានុពល ចំណេះដឹង ជំនាញ អាកប្បកិរិយា សម្រាប់បម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ។
ទន្ទឹមគ្នានឹងការលើកឡើងនេះ លោក Wang Shouguo ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់កិច្ចសហការជាមួយគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងស្ថាប័នពាក់ព័ន្ធ ដោយបង្កើនបរិមាណអាហារូបករណ៍ដល់និស្សិតកម្ពុជា ទាំងការបណ្តុះបណ្តាលថ្នាក់ភាសា និងជំនាញឯកទេស ដើម្បីរួមចំណែកកសាងមូលធនមនុស្សកម្ពុជា៕អត្ថបទ៖ហ្សាលីន


