ប្រតិភូកម្ពុជា ចូលរួមកិច្ចពិគ្រោះយោបល់ស្តីពីប្រព័ន្ធកសិកម្មកកើតឡើងវិញ នៅប្រទេសឥណ្ឌូនេស៊ី

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីប្រព័ន្ធកសិកម្មកកើតឡើងវិញនិងប្រកបដោយភាពធន់ នៅប្រទេសឥណ្ឌូនេស៊ីឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិគ្រោះយោបល់នេះ បានធ្វើឡើងនៅថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំ ដោយលោក ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានមន្រ្តីបង្គោលតាមអនុវិស័យដំណាំ និងមន្ត្រីបង្គោលអនុវិស័យស្រាវជ្រាវជាច្រើននាក់ទៀត។

កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាបញ្ចប់លើសេចក្ដីព្រាងផែនការអនុវត្តប្រព័ន្ធកសិកម្មកកើតឡើងវិញនិងមានភាពធន់របស់អាស៊ាន និងសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍រដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានស្តីពីការជំរុញអនុវត្តប្រព័ន្ធកសិកម្មកកើតឡើងវិញនិងប្រកបដោយភាពធន់។

សូមជម្រាបថា ការរៀបចំរបស់អាស៊ាននេះ គឺធ្វើឡើងដើម្បីកំណត់រួមគ្នានូវវិធានការឆ្លើយតបទៅនឹងសម្ពាធនិងឥទ្ធិពលអវិជ្ជមានដូចជា បម្រែបម្រួលអាកាសធាតុ ការបំផ្លាញបរិស្ថាន ស្ថានភាពមិនប្រាកដប្រជាជាសកលភាពរអាក់រអួលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ប្រេង និងធាតុចូលកសិកម្ម ដែលបាននិងកំពុងកើតមានទៅលើមូលធនធម្មជាតិ (ដី ទឹក ជីវចម្រុះ) និងប្រព័ន្ធស្បៀងកសិកម្ម។ កិច្ចប្រជុំ ក៏បានផ្តោតការពិភាក្សាផងដែរ ទៅលើកម្មវិធីថ្នាក់តំបន់ និងជាតិ យន្តការសម្របសម្រួលនិងការចូលរួមរបស់ដៃគូអភិវឌ្ឍន៍និងអង្គការអន្តរជាតិ ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការអនុវត្តផែនការខាងលើ។ សេចក្ដីព្រាងចុងក្រោយនៃឯកសារទាំងពីរខាងលើ ក៏នឹងត្រូវដាក់ជូនរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន អនុម័តនាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នាខែតុលា ឆ្នាំ២០២៦ ខាងមុខផងដែរ ៕អត្ថបទ៖ហ្សាលីន