CDC ជំរុញចិនឱ្យគិតគូរពីការបង្កើតតំបន់កែច្នៃកសិ-ឧស្សាហកម្មបៃតង កម្ពុជា-ចិន

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជំរុញទៅកាន់មន្រ្តីជាន់ខ្ពស់ចិន ឱ្យគិតគូរពីការបង្កើតតំបន់កែច្នៃកសិ-ឧស្សាហកម្មបៃតង កម្ពុជា-ចិន ដើម្បីជំរុញសកម្មភាពធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញនេះ ធ្វើឡើងនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបជាមួយលោកស្រី ចុង ជៀ (Zhong Jei) ទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា ស្រប់ពេលលោកស្រី ក៏បានណែនាំសមាសភាពថ្មីគឺលោក សៀ តុង (Xue Dong) ដែលជាសមាសភាពទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មថ្មីនៃស្ថានទូតចិនប្រចាំកម្ពុជាដើម្បីបន្តវេនការងារផងដែរ។

នាឱកាសនោះ លោក ជា វុទ្ធី បានផ្តួចផ្តើមឱ្យមានការគិតគូរពីការបង្កើតតំបន់កែច្នៃកសិ-ឧស្សាហកម្មបៃតង កម្ពុជា-ចិន ដោយផ្តោតលើវិស័យចម្បង៣ គឺការកែច្នៃស្វាយចន្ទី, ការកែច្នៃជ័រកៅស៊ូ និងឧស្សហកម្មឈើដាំ ដែលទាមទារឱ្យមានការវិនិយោគតាំងពីដើមទីរហូតដល់ចុងទី។ មួយវិញទៀត ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យលោក សៀ តុង ជួយជំរុញ និងទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដល់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) មកវិនិយោគនៅកម្ពុជាដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

ជាការឆ្លើយតប លោក សៀ តុង (Xue Dong) បានថ្លែងអំណរគុណដល់លោក អគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីទទួលជួបលោក ខណៈលោកសង្ឃឹមថាភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត និងបានទទួលយកនូវគំនិតផ្តួចផ្តើម ក៏ដូចជាសំណូមពររបស់ឯកឧត្តមអគ្គលេខាធិការ ដើម្បីធ្វើការគិតគូររៀបចំក្នុងអាណត្តិការងាររបស់លោកនៅកម្ពុជាឱ្យចេញជារូបរាង។ 

សូមជម្រាប់ដែរ នៅក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកិច្ចប្រជុំលើកទី២ នៃក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន ដែលគ្រោងធ្វើនៅប្រទេសចិន នៅឆ្នាំ២០២៦នេះផងដែរ៕ អត្ថបទ៖ហ្សាលីន