សម្តេចធិបតី និងប្រធានរដ្ឋវៀតណាម ឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ-វៀតណាម

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានរដ្ឋវៀតណាម បានឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ-វៀតណាមបន្ថែមទៀត សំដៅរួមចំណែករក្សាសន្តិភាព និងសន្តិសុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយលោក ​ តូ ឡឹម (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនោះ លោក​ប្រធានរដ្ឋវៀតណាម បានរំលឹកឡើងវិញនូវលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក នៅប្រទេសកម្ពុជា និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណបក្ស នៅប្រទេសកម្ពុជា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ លោកក៏បានគូសបញ្ជាក់ពីការគាំទ្រដល់ការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម-ឡាវ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ក៏ដូចជាបន្តធ្វើការរួមគ្នា ក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ ដើម្បីរួមចំណែករក្សាសន្តិភាព និងសន្តិសុខ។

ជាការឆ្លើយតប, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងជាប្រពៃណីកម្ពុជា-វៀតណាម ទោះបីជាពិភពលោកមានការប្រែប្រួលឆាប់រហ័ស និងប្រឈមមុខនឹងភាពមិនប្រាកដប្រជាក៏ដោយ។ ក្នុងន័យនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ កម្ពុជា-វៀតណាម និងក្របខ័ណ្ឌ កម្ពុជា-ឡាវ-វៀតណាម ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសនីមួយៗ។

តាមរយៈជំនួបនោះ ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច​ ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ ក៏ដូចជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាពិសេសយុវជន៕អត្ថបទ៖ហ្សាលីន