ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនឧស្សាហកម្មយានយន្តធំមួយរបស់រុស្ស៊ី បានបង្ហាញការចាប់អារម្មណ៍ចង់វិនិយោគលេីវិស័យយានយន្តនៅកម្ពុជា។

ការលើកឡើងនេះ បានធ្វើឡើងក្នុងកាលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Dolgov Leonid នាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ Group ក្នុងកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។
នាជំនួបនោះ លោកនាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ Group បានជម្រាបជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសរុស្ស៊ី និងនៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។លោកថា ដោយសារបច្ចុប្បន្ន ក្រុមហ៊ុន GAZ Groupបាននិងកំពុងធ្វេីប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ាន និងមេីលឃេីញសេដ្ឋកិច្ចកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស និងប្រកបដោយភាពធន់ ក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំង និងចង់ស្វែងរកឱកាសវិនិយោគលេីវិស័យយានយន្តនៅកម្ពុជា។

ជាការឆ្លេីយតប សម្តេចធិបតីស្វាគមន៍ចំពោះក្រុមហ៊ុនដែលចាប់អារម្មណ៍ និងចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចធិបតីក៏បានណែនាំឱ្យក្រុមហ៊ុនសិក្សាបន្ថែមអំពីលទ្ធភាពក្នុងការវិនិយោគលេីការផលិតខ្សែច្រវាក់ផលិតកម្ម ( Supply Chain) សម្រាប់ផ្គត់ផ្គង់ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលមានក្នុងតំបន់ តាមយុទ្ធសាស្រ្តបូកមួយ (Plus 1 Strategy) ផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន GAZ Group ជាក្រុមហ៊ុនដែលមានបទពិសោធន៍ប្រមាណ៩០ឆ្នាំក្នុងឧស្សាហកម្មយានយន្ត ដែលមានរោងចក្រចំនួន១៥ និងបាននាំចេញយានយន្តទៅកាន់ប្រទេសចំនួន៤៣ ព្រមទាំងមានតំណាងចែកចាយចំនួន២៤០។ ក្រុមហ៊ុនផលិតរថយន្តជាច្រេីនម៉ូដែល ដូចជា រថយន្តពាណិជ្ជកម្ម, រថយន្តដឹកទំនិញខ្នាតមធ្យម, រថយន្តក្រុង, រថយន្តសង្គ្រោះបន្ទាន់ ជាដេីម និងផលិតគ្រឿងបន្លាស់ផងដែរ៕អត្ថបទ៖ហ្សាលីន

