បន្តពង្រឹងសន្តិសុខទឹកដើម្បីកសិកម្ម! លោក ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារបើកកិច្ចប្រជុំដ៏មានសារៈសំខាន់ជាមួយធនាគារពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំក្រុមការងារគម្រោង CaWSIP-MAFF ចូលរួមក្នុងកិច្ចប្រជុំបើកបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៣ (Kick-off Meeting of the 3rd Implementation Support Mission – ISM) ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ពិនិត្យផែនការការងារ គោលបំណង និងលទ្ធផលរំពឹងទុកនៃបេសកកម្ម ព្រមទាំងកំណត់បញ្ហាប្រឈម និងវិធានការបន្ត ជំរុញការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងសម្រេចបានតាមគោលដៅដែលបានកំណត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី នាយកគម្រោង និងក្រុមការងារអនុវត្តគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមបេសកកម្មរបស់ធនាគារពិភពលោក ព្រមទាំងមន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្តនៃខេត្តគោលដៅទាំងបួន រួមមាន ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។

ជាលទ្ធផល កិច្ចប្រជុំបានបង្ហាញពីការប្តេជ្ញាចិត្ត និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងធនាគារពិភពលោក ក្នុងការជំរុញការអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ឱ្យសម្រេចបានលទ្ធផលជាក់ស្តែង និងរួមចំណែកដល់ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់គោលដៅ។

សូមរម្លឹកថា គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ត្រូវបានកំណត់រយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០៣០ ហើយនឹងត្រូវអនុវត្តនៅទូទាំងខេត្តចំនួនបួនគឺ កំពង់ធំ ក្រចេះ ព្រះវិហារ និងមណ្ឌលគិរី ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារពិភពលោក។ គំនិតផ្តួចផ្តើមនេះ ជាឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានាសន្តិសុខទឹក និងការអនុវត្តកសិកម្មដែលធន់នៅក្នុងប្រទេសកម្ពុជា៕