ក្រសួងការងារ និង OHCHR ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារសង្គម និងការលើកកម្ពស់សិទ្ធិការងារឱ្យកាន់តែប្រសើរ

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី ម៉ាទីលដា បូកន័រ (Matilda Bogner) តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិការងារ រួមមានសិទ្ធិគាំពារសង្គម សិទ្ធិពលករទេសន្តរប្រវេសន៍ សិទ្ធិការងារសម្រាប់ជនមានពិការភាព និងក្រុមជនងាយរងគ្រោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្ដីក្រសួងការងារ បានជម្រាបជូនលោកស្រី ម៉ាទីលដា បូកន័រ ពីវឌ្ឍនភាពក្នុងវិស័យការងារសំខាន់ៗ ជាពិសេសការពង្រឹងវិស័យទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចសន្ទនាសង្គម កំណើននៃអនុសញ្ញារួម អត្រាខ្ពស់នៃការដោះស្រាយវិវាទការងារដោយជោគជ័យ ការកែទម្រង់អធិការកិច្ចការងារ ការកសាងសមត្ថភាព និងកម្រិតអនុលោមភាពខ្ពស់នៃសហគ្រាស ជាពិសេសការអនុវត្តរបបសន្តិសុខសង្គម ដែលកំពុងពង្រីកវិសាលភាព កាន់តែទូលំទូលាយទាំងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍នៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោក ហេង សួរ សង្កត់ធ្ងន់ថា កម្ពុជាបន្តប្រយុទ្ធប្រឆាំងនឹងពលកម្មដោយបង្ខំ ពលកម្មកុមារ អំពើហិង្សានិងការបៀតបៀននៅកន្លែងធ្វើការ ព្រមទាំងផ្តល់អាទិភាពខ្ពស់ដល់សុវត្ថិភាព និងសុខភាពការងារ (OSH)​ តាមរយៈការពង្រឹងអធិការកិច្ចការងារ ការធ្វើទំនើបកម្មប្រព័ន្ធអនុ​លោមភាព ការរៀបចំក្របខ័ណ្ឌច្បាប់និងការអភិវឌ្ឍប្រព័ន្ធតាមដានដោយឌីជីថលសាកល្បង ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ គ្រប់គ្រងហានិភ័យ និងតម្លាភាពក្នុងច្រវាក់ផលិតកម្ម។
 
លោក ហេង សួរ ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចំពោះពលករដែលវិលត្រឡប់ពីប្រទេសថៃចាប់តាំងពីពេលពួកគាត់មកដល់ច្រកព្រំដែនផងដែរ។



ជាការឆ្លើយតប លោកស្រី ម៉ាទីលដា បូកន័រ បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តីដែលបានជម្រាបជូនពីការងារ និងគោលនយោបាយគាំទ្រដល់កម្មករនិយោជិត និងប្រជាពលរដ្ឋ ហើយបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសភាពរីកចម្រើននៃរបបសន្តិសុខសង្គម និងវិធានការដ៏មានប្រសិទ្ធភាពនៃការគាំទ្រដល់អតីតពលករពីប្រទេសថៃ។ លោកស្រីបានបញ្ជាក់ថា OHCHR ត្រៀមខ្លួនជានិច្ចក្នុងការបន្តកិច្ចពិភាក្សា និងការគាំទ្រដល់ក្រសួងសម្រាប់ភាពរីកចម្រើនបន្ថែមទៀតនាពេលអនាគត។
 
ភាគីទាំងពីរបានសម្តែងក្តីសោមនស្សរីករាយ សម្រាប់កិច្ចពិភាក្សាប្រកបដោយស្ថាបនា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីបន្តនាំមកនូវអត្ថប្រយោជន៍ និងការអភិវឌ្ឍជាក់ស្តែងសម្រាប់ប្រជាជនកម្ពុជា៕