កម្ពុជា-បារាំង ត្រៀមចុះ MoU ធំមួយ ជម្រុញវិស័យកសិកម្ម និងសុខភាពតែមួយ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងភាគីបារាំង ក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការជាតិសុខភាពតែមួយ ដើម្បីរៀបចំកម្មវិធីពាក់ព័ន្ធនឹងសុខភាពតែមួយ ហើយនិងជំរុញរៀបចំបញ្ចប់ MoU ស្តីពីកិច្ចសហប្រតិបត្តិការវិស័យកសិកម្មកម្ពុជា-បារាំង ដើម្បីត្រៀមចុះហត្ថលេខានៅពេលសមស្របណាមួយរបស់ថ្នាក់ដឹកនាំនៃក្រសួងកសិកម្មទាំងពីរនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី​ «ការពិនិត្យលេីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង​ លេីវិស័យកសិកម្ម»
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ហុង ណារិត អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម។

នៅចំពោះមុខអង្គពិធី លោកអនុរដ្ឋលេខាធិការ បានលើកជាយោបល់ពាក់ព័ន្ធនឹងក្រសួងកសិកម្ម រួមមាន៖ ទី១. កិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសកម្ពុជាជាមួយប្រទេសបារាំង មានលក្ខណៈទូលំទូលាយគ្របដណ្ដប់លើអនុវិស័យ និងកម្មវិធីជាច្រើន ក្នុងនោះ ក្រោមក្របខណ្ឌគណៈកម្មាធិការជាតិសុខភាពតែមួយ ដែលនាំមុខដោយក្រសួងសុខាភិបាល ជាមួយបារាំង ជាពិសេសក្នុងកិច្ចពិភាក្សាថ្មីៗនេះ អំពីកិច្ចសហការរៀបចំឯកសារទស្សនទានពាក់ព័ន្ធសុខភាពតែមួយ។

ក្រោមក្របខ័ណ្ឌសហប្រតិបត្តិការអំពីសុខភាពតែមួយនេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីបារាំង ក៏មានកិច្ចសហប្រតិបត្តិការដោយឡែក ដូចជាការរួមចំណែករៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ និងការពង្រឹងប្រព័ន្ធតាមដាន ការពារត្រួតពិនិត្យ និងការឆ្លើយតបទៅនឹងការផ្ទុះជំងឺឆ្លងពីសត្វ, ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) លើការពង្រឹងការធ្វើរោគវិនិច្ឆ័យនៅមន្ទីរពិសោធន៍ ការស្រាវជ្រាវរោគរាតត្បាត និងការតាមដានជំងឺឆ្លង ដែលជាការគាំទ្រដល់ការពង្រឹងសមត្ថភាពស្រាវជ្រាវមេរោគឆ្លងពីសត្វ មន្ទីរពិសោធន៍ការចែករំលែកទិន្នន័យ ដែលឆ្លើយតបទៅនឹងការគំរាមកំហែងសុខភាពមនុស្ស-សត្វ

និងទី២. ការរៀបចំ MoU ស្តីពីកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម រវាងក្រសួងកសិកម្មប្រទេសកម្ពុជា និងបារាំង ស្របតាមស្មារតីកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម នៃប្រទេសទាំងពីរ នៅអំឡុងពេលកិច្ចប្រជុំកំពូល One Health ក្នុងកំឡុងខែមេសា ឆ្នាំ២០២៦ នៅសាធារណរដ្ឋបារាំង៕