កម្ពុជា-ចិន ប្តេជ្ញាជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ សំដៅបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ចិន ប្តេជ្ញាជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ សំដៅបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយ គណៈគ្រប់គ្រងជាន់ខ្ពស់ទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ (CIDCA) នៅរដ្ឋធានីប៉េកាំង កាលថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សារវាងកម្ពុជា-ចិន បានធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ ដែលភាគីទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលកន្លងមក សំដៅបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ក្នុងកិច្ចសន្ទនាប្រកបដោយបរិយាកាសយោគយល់ និងការទូតខ្ពស់ ភាគីទាំងពីរបានសម្រេចនូវលទ្ធផលសំខាន់ៗជុំវិញគម្រោងអាទិភាពមានជាអាទិ៍៖

១. គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ៖ ភាគីចិន តាមរយៈទីភ្នាក់ងារ CIDCA បានប្រកាសផ្ដល់ការគាំទ្រជាផ្លូវការចំពោះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តាយ គម្រោងផ្លូវទឹកដ៏មានសារៈសំខាន់មួយនេះ តាមរយៈការផ្តល់ឥណទានសម្បទាន ហើយភាគីកម្ពុជា បានស្នើឱ្យCIDCA ជួយពន្លឿនរាល់នីតិវិធីនៃការអនុម័តហិរញ្ញប្បទាននៅជំហានបន្ទាប់ឱ្យបានឆាប់រហ័ស។២. គម្រោងស្តារឡើងវិញផ្លូវជាតិលេខ ៣ (ប្រវែង ២០ គីឡូម៉ែត្រ) នៅតំបន់វាលរេញ ៣. គម្រោងផ្លូវជាតិលេខ ៧ (ក្រចេះ-ស្ទឹងត្រែង) ៤. គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ខេត្តព្រះសីហនុ។

តាមរយៈជំនួបពិភាក្សាខាងលើនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនបន្ថែមអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគដ៏មានសក្តានុពល និងភាពអនុគ្រោះដល់ការវិនិយោគពីបរទេសផ្ទាល់នៅកម្ពុជា។ ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងទំនុកចិត្តទៅវិញទៅមកខ្ពស់ ដែលនេះជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងចិន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងប្រកបដោយចីរភាព ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ៕ អត្ថបទ៖ហ្សាលីន