សម្តេចធិបតី៖ ពីឆ្នាំ២០២៦នេះទៅ កម្ពុជា អាចដឹកកសិផលតាមផ្លូវគោកទៅចិន ដោយប្រើច្រកឡាវ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា នៅឆ្នាំ ២០២៦នេះ កម្ពុជាបានចរចាធ្វើការបើកផ្លូវដឹកជញ្ចូនទំនិញតាមផ្លូវគោកជាលើកដំបូងទៅប្រទេសចិនតាមរយៈច្រកប្រទេសឡាវ។នេះបើយោងតាមប្រសាសន៍របស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងក្នុងទិវាមច្ឆជាតិ និងលែង​កូន​ត្រី១.៥លានក្បាល ចូលទន្លេវ៉ៃគោ នៅខេត្តស្វាយរៀង ថ្ងៃទី១ កក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កាលពីមុនកម្ពុជាដឹកជញ្ជូនទំទិញទៅទីផ្សារប្រទេសចិនតាមរយៈផ្លូវទឹកប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៦នេះទៅ កម្ពុជាបានចរចាធ្វើការបើកផ្លូវដឹកជញ្ចូនទំនិញតាមផ្លូវគោកជាលើកដំបូងទៅប្រទេសចិនតាមរយៈច្រកប្រទេសឡាវ ហើយឥឡូវកម្ពុជាអាចដឹកកសិផលទៅតាមផ្លូវគោកឡើងទៅប្រទេសចិនតែម្ដង ដូច្នេះការធានាការដឹកការសិផលកម្ពុជាពិសេសនៅតំបន់ភាគខាងជើងកម្ពុជាគឺអាចតភ្ជាប់តាមរយៈផ្លូវគោកនេះតែម្ដង។

ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងបន្តថា កម្ពុជាតូច ប្រជាជនតិច ផលជលផល ឬកសិផលមានផលច្រើននាំឱ្យសល់បន្ទាប់ពីបំពេញការហូបហើយ ដូច្នេះរាជរដ្ឋាភិបាល បានប្រឹងប្រែងរកទីផ្សារនៅក្រៅប្រទេស ដើម្បីនាំចេញជលផល និងកសិផល ដែលសល់ពីការហូបនោះ។សម្តេចធិបតី បានថ្លែងទៀតថា ក្រៅពីប្រឹងប្រែងរកទីផ្សារហើយនោះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញកិច្ចអន្តរាគមន៍ជាច្រើនទៀត ជួយដល់កសិករ ដូចជាការបញ្ចេញថវិកា ៦០លានដុល្លារជួយទិញស្រូវ ការអន្តរាគមន៍បូមទឹកស្រោចស្រប់ជាដើមផងដែរ។សម្តេច ក៏បន្តជំរុញមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម ខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហារបស់ប្រជាកសិករជាបន្ទាប់ផងដែរ។

សូមរម្លឹកដែរថា កម្ពុជា-ឡាវ កាលថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២៦ បានចាប់ផ្តើមបើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផលិតផលកម្ពុជា៦មុខ ទៅកាន់ទីផ្សារចិនជាផ្លូវការ ដែលរួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។ការ​បើក​ផ្លូវ​ឆ្លងកាត់​ជាផ្លូវការនៅពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​កម្ពុជា និង ឡាវ បាន​ធ្វើការ​ចរចា​ជាមួយគ្នា​អស់​រយៈ​ពេល ៦ ខែ​កន្លង​មក។ច្រក​ថ្មី​នេះ នឹង​ធ្វើ​ឱ្យកម្ពុជា​ចំណេញ​ពេល​ដឹក​ជញ្ជូន​ដែល​ជា​ធម្មតា​ត្រូវ​ចំណាយ​ពេល​ពី ១៥​ទៅ​២០​ថ្ងៃ ហើយ​ឥឡូវ​អាច​បង្រួញ​មក​ត្រឹមតែ​១​សប្ដាហ៍តែប៉ុណ្ណោះ៕អត្ថបទ៖ហ្សាលីន