សម្តេចធិបតី៖ នៅឆ្នាំ២០២៥ ផលជលផលនៅកម្ពុជា ទទួលបានជាង៩០ម៉ឺនតោន កើនឡើង៥,៦%

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅឆ្នាំ២០២៥ ផលជលផលទទួលបានសរុប ៩៧៨ ៥៦០តោន កើនឡើង៥,៦% ធៀបនឹងឆ្នាំ២០២៤។ នេះបើយោងតាមប្រសាសន៍ប្រសាសន៍របស់ សម្តេចថ្លែងក្នុងឱកាសអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ នៅថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ទិវាមច្ឆាជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងបំផុសស្មារតី និងចលនាជាតិឱ្យចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព។ សម្តេចបន្តថា រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម បានដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការគន្លឹះ និងយុទ្ធសាស្ត្រសំខាន់ៗ តាមរយៈការកែទម្រង់ក្របខ័ណ្ឌច្បាប់ និងការបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងធានាថាធនធានជលផលនៅតែសម្បូរ សម្រាប់កូនចៅជំនាន់ក្រោយ។

ជាការកត់សម្គាល់ សម្តេចធិបតី បញ្ជាក់ថា នៅឆ្នាំ២០២៥ ផលជលផលទទួលបានសរុប ៩៧៨ ៥៦០តោន កើនឡើង៥,៦% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ផលនេសាទទឹកសាប ៥១៤ ៨៣០តោន (កើនឡើង១០%) ផលនេសាទសមុទ្រ ១៤០ ១៦០តោន និងផលវារីវប្បកម្ម ៣២៣ ៥៧០តោន។

ការកើនឡើងនូវផលនេសាទទឹកសាបនេះ ក៏ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន ដែលបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការលុបបំបាត់ការនេសាទខុសច្បាប់ ធានាបាននូវការកើនឡើងផលស្តុកត្រី និងការការពារប្រព័ន្ធអេកូឡូស៊ីទន្លេប្រកបដោយនិរន្តរភាព។នេះបើតាមការបញ្ជាក់បន្ថែមពីសម្តេចធិបតី ហ៊ុន ម៉ាណែត៕ អត្ថបទ៖ហ្សាលីន