ក្រសួងពាណិជ្ជកម្ម ជំរុញចិនជួយពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់កម្ពុជា ដើម្បីពិពិធកម្មពាណិជ្ជកម្មសកល

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើទៅកាន់គណៈប្រតិភូក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិនៃគណៈកម្មាធិការខេត្តក្វាងទុង (CCPIT Guangdong) ឱ្យជួយពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់កម្ពុជា ដើម្បីពិពិធកម្មពាណិជ្ជកម្មសកលកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងលោកស្រី ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក CHEN Xiaofeng ប្រធានក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិនៃគណៈកម្មាធិការខេត្តក្វាងទុង (CCPIT Guangdong)កាលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះ លោកស្រីអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញអំពីការគាំទ្រ និងលើកទឹកចិត្តឱ្យវិនិយោគិនចិនសិក្សាស្វែងយល់បន្ថែមអំពីផលិតផលសក្តានុពលកសិកម្មកម្ពុជា ការចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីសហការជំរុញការបណ្តាក់ទុន និងវិនិយោគ ជាពិសេសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឌីយីថល និងជួយពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដើម្បីពិពិធកម្មពាណិជ្ជកម្មសកល ក៏ដូចជានាំចេញ-នាំចូលផលិតផលរវាងតំបន់ទាំំងពីរ កម្ពុជានិងខេត្តក្វាងទុង ក្នុងទិសដៅបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិន។

តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានបើកផ្តោតកិច្ចពិភាក្សាលើការពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសពិភាក្សាអំពីឱកាសធ្វើអាជីវកម្ម និងសក្តានុពលវិនិយោគនៅកម្ពុជាផងដែរ។

សូមជម្រាបថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្តើមចេញពីក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រំហូរវិនិយោគផ្ទាល់ពីប្រទេសចិនមកបណ្តាក់ទុនលើទឹកដីកម្ពុជាតែងតែឈរនៅលំដាប់កំពូលជានិច្ចក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។ ជាក់ស្តែង ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៤ គម្រោងវិនិយោគចិននៅកម្ពុជាបានឈរនៅលំដាប់លេខរៀងទី១ ក្រោមទុនវិនិយោគសរុបប្រមាណ៣,២១ពាន់លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ហ្សាលីន