សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល តែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ដោយបន្ត​ផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក និងផ្លូវអាកាស ស្របតាមទិស​ស្លោក “មានផ្លូវ​​ មានសង្ឃឹម” ។ នេះជាប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧​ (ស្គន់-កំពង់ចាម) នេះ បានចំណាយថវិកាសរុបជិត ១១៨ លានដុល្លារ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្អែកតាមការវាយតម្លៃផលចំណេញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return) គម្រោងនេះនឹងផ្តល់ផលចំណេញខ្ពស់ក្នុងអត្រាប្រមាណ ១៥,២៧% ដែលជាផលចំណេញទទួលបានពីការកាត់បន្ថយពេលវេលាធ្វើដំណើរនិងការដឹកជញ្ជូន ព្រមទាំងជួយទាក់ទាញទេសចរ និងការបើកបង្កើតឧស្សាហកម្ម និង​ អាជីវកម្មផ្សេងៗ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនេះ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ដោយបន្ត​ផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក និងផ្លូវអាកាស ស្របតាមទិស​ស្លោក “មានផ្លូវ​​ មានសង្ឃឹម” ។ ជាក់ស្តែង កំណាត់ផ្លូវជាតិលេខ ៧ នេះនឹងតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិ និងតំបន់ភូមិសាស្រ្តសំខាន់ៗ រួមមាន៖ ផ្លូវជាតិលេខ ៦, ៦០, ៧០, ៧១, ៧១សេ និងតភ្ជាប់ទៅកាន់ភូមិភាគឦសាន ព្រមទាំងបន្តធ្វើឱ្យប្រសើរឡើងរហូតដល់ព្រំដែនកម្ពុជា-ឡាវ។ ការតភ្ជាប់នេះកាន់តែមានសារៈសំខាន់ បន្ទាប់ពីកម្ពុជា និងឡាវ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «ច្រករបៀងដឹកជញ្ជូនឆ្លងកាត់-Transit Transport Corridor», កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៦ កន្លងទៅ សម្រាប់នាំចេញ កសិផល និង ផលិតផលកសិ-ឧស្សាហកម្មកម្ពុជា ទៅកាន់ប្រទេសចិន តាមប្រទេសឡាវ ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និង លិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីគ្រប់គ្រងការអភិវឌ្ឍ និង ការអនុវត្តប្រព័ន្ធដឹកជញ្ជូន និង ឡូជីស្ទីកនៅកម្ពុជា ឱ្យកាន់តែប្រសើរ និង ឆ្លើយតបបានកាន់តែពេញលេញទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍជាតិ។ យោងតាម «ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង ភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣», រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទីកសំខាន់ៗចំនួន ១១ កន្លែងនៅទូទាំងប្រទេស៕