គម្រោងបុកស៊ីផាយបេតុងជាង ១៧០០ម៉ែត្រ នៅចាក់អង្រែលើ សម្រេចបាន ៩០% ដើម្បីបញ្ចៀសការជន់លិច

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ គម្រោងរចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចលទ្ធផលបានប្រមាណ ៩០% ហើយ ដោយទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងដ៏មានសារៈសំខាន់នេះ មានសាលារាជធានីភ្នំពេញជាសេនាធិការផ្ទាល់ និងមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជាអ្នកអនុវត្តគម្រោង ដោយបានសហការជាមួយក្រុមហ៊ុនជំនាញៗ ធ្វើការបុកស៊ីផាយបេតុងខ្នាតធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមមន្ទីរព័ត៌មានរាជធានីភ្នំពេញ ការងារបច្ចេកទេសនៃគម្រោងនេះ រួមមានការបុកស៊ីផាយទទឹងប្រឡាយ ២០ម៉ែត្រ ប្រវែងជាង ១៧០០ម៉ែត្រ ដែលមានជម្រៅ ១០ម៉ែត្រ និង ១២ម៉ែត្រ ដោយមកទល់ពេលនេះ ក្រុមការងារបានបុកស៊ីផាយចូលក្នុងដីបានសរុបចំនួន ៣១១១ ស៊ីផាយ ប្រកបដោយគុណភាព និងសុវត្ថិភាពការងារទៅតាមផែនការ។

គួរជម្រាបថា ទីតាំងគម្រោងនេះស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលទទួលទឹកពីស្ថានីយ៍បូមបឹងត្របែកហូរ មកស្ពានមហាឧបាសិកា ហ៊ុន នាង រួចបន្តមកតំបន់ប្រព្រឹត្តិកម្មទឹកស្អាតបឹងទំពន់ ដើម្បីរំដោះទឹកចេញពីទីក្រុងឱ្យបានលឿន និងមានប្រសិទ្ធភាព៕