ទូតអាម្លឺម៉ង់ថា កម្ពុជា ជាគោលដៅទេសចរណ៍ពិសេស សម្រាប់ប្រជាជនចូលនិវត្តន៍របស់អាល្លឺម៉ង់

សង្គម​ និង​សេដ្ឋកិច្ច

លោក Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំកម្ពុជា បានលើកឡើងថា សម្រាប់អ្នកចូលនិវត្តន៍របស់អាល្លឺម៉ង់ គឺសំឡឹងឃើញកម្ពុជា គឺជាទីកន្លែងដ៏សែនមនោរម្យសម្រាប់ពួកគេមកទស្សនា និងមកកម្សាន្ត។ ការលើកឡើងនេះ​ បានបង្ហាញឡើងនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសចូលជួបជាមួយសម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានអរគុណចំពោះភាគីកម្ពុជាដែលបានសហការយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងលោក និងក្រុមការងារក្នុងទិសដៅនៃការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់។ លោកក៏បានរំលេចអំពីស្នាដៃសំខាន់ៗក្នុងពេលដែលលោកបំពេញការងារនៅកម្ពុជា ជាពិសេសនៅក្នុងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាវប្បធម៌ និងទេសចរណ៍រវាងប្រជាជនកម្ពុជា និងអាល្លឺម៉ង់។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជានូវវឌ្ឍនភាពដែលបានកើតឡើងហើយប្រជាជនអាល្លឺម៉ង់ បានចាប់អារម្មណ៍នៅក្នុងការមកទស្សនាប្រទេសកម្ពុជា។ លោកថា កម្ពុជាបានស្ថិតនៅក្នុងបញ្ជីមួយរបស់ប្រជាជនអាល្លឺម៉ង់ ដែលជាគោលដៅទេសចរណ៍ជាពិសេស សម្រាប់អ្នកចូលនិវត្តន៍របស់អាល្លឺម៉ង់ គឺសំឡឹងឃើញកម្ពុជា គឺជាទីកន្លែងដ៏សែនមនោរម្យសម្រាប់ពួកគេមកទស្សនា និងមកកម្សាន្ត។

ជាមួយគ្នានេះ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាល្លឺម៉ង់។សម្ដេចតេជោបានយល់ស្របទាំងស្រុងចំពោះការលើកឡើងនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយសម្ដេចបានលើកឡើងថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនេះ គឺជាស្នូរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាល្លឺម៉ង់ នឹងកាន់តែមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។

សូមជម្រាបថា តាមរយៈចំនួបខាងលើ សម្ដេចក៏បានអរគុណចំពោះអាល្លឺម៉ង់ ដែលបានជួយជ្រោមជ្រែងកម្ពុជានាពេលកន្លងមក ជាពិសេសនៅក្នុងការជួយដល់ការកំណែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ និងជួយនៅក្នុងការអភិវឌ្ឍជនបទជាដើម ដែលជាសមិទ្ធផលអាល្លឺម៉ង់បានចូលរួមចំណែកជួយដល់កម្ពុជា៕អត្ថបទ៖ហ្សាលីន