ប្រព័ន្ធអំពូលបំភ្លឺផ្លូវថាមពលពន្លឺព្រះអាទិត្យតម្លៃប្រមាណ៥លានដុល្លារ នឹងត្រូវដាក់ពង្រាយនៅខេត្តចំនួន១៣

សង្គម​ និង​សេដ្ឋកិច្ច

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា អំណោយជាប្រព័ន្ធអំពូលបំភ្លឺផ្លូវថាមពលពន្លឺព្រះអាទិត្យតម្លៃប្រមាណ៥លានដុល្លារ នឹងត្រូវដាក់ពង្រាយនៅខេត្តចំនួន ១៣ ក្នុងរយៈមិនលើសពី២ឆ្នាំ។ លោកបានឱ្យដឹងបែបនេះ ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងអំពូលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះ ចុះហត្ថលេខាដោយ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក  កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំនៃក្រសួងទាំង២ អភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

លោក កែវ រតនៈ បានឱ្យដឹងថា ប្រព័ន្ធអំពូលបំភ្លឺផ្លូវថាមពលពន្លឺព្រះអាទិត្យបន្ថែមតាមបណ្តាញផ្លូវសាធារណៈ និងតំបន់ទេសចរណ៍ ដើម្បីបន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ លើកសោភ័ណភាពនិងពង្រឹងសន្តិសុខសាធារណៈ។ លោកបន្តថា នេះជាការរុញផ្លែផ្កានៃការអភិវឌ្ឍផ្នែកអគ្គិសនីបន្ថែមទៅប្រជាពលរដ្ឋក្រោមការសហការរបស់ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញនិងខេត្ត។

បន្ថែមពីនេះ លោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជាក៏បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងការងារដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវដោយប្រើថាមពលពីពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវជាតិ និងផ្លូវសាធារណៈក្នុងរាជធានី-ខេត្ត ទាំង ១៣ខាងលើនេះ អគ្គិសនីកម្ពុជាបានប៉ាន់ស្មានចំណាយប្រមាណ ៥លានដុល្លារ នៅតាមកំណាត់ផ្លូវជាតិ បណ្តាញផ្លូវថ្នល់សរុបប្រមាណ ១.០០០គីឡូម៉ែត្រ។ ហើយបន្ទាប់ពីបញ្ចប់ការសាងសង់រួច ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា នឹងប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានី-ខេត្ត បន្តគ្រប់គ្រង និងដំណើរការថែទាំ ដើម្បីឱ្យហេដ្ឋារចនាសម្ព័ន្ធនេះ នៅបន្តបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋជានិរន្តរ៍។

សូមបញ្ជាក់ថា សម្រាប់ការដំឡើងនៅលើមេឌ្យានទ្រូងផ្លូវ គឺត្រូវអនុវត្តនៅលើកំណាត់ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៧ ចំណែកការដំឡើងនៅអមសងខាងផ្លូវ ត្រូវធ្វើឡើងនៅលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ២១។ ដោយឡែក ផ្លូវក្រវាត់ក្រុងទី២ និងទី៣ ក្នុងរាជធានីភ្នំពេញ នឹងត្រូវដំឡើងទាំងនៅអមសងខាងផង និងលើមេឌ្យានទ្រូងផ្លូវផង។ បន្ថែមពីនេះ គម្រោងក៏នឹងពង្រីកការដំឡើងនៅលើផ្លូវក្នុងក្រុងដែលជាទីប្រជុំជន និងតំបន់ទេសចរណ៍ក្នុងភូមិសាស្ត្រខេត្តចំនួន៦ ទៀតរួមមាន ខេត្តកំពង់ស្ពឺ តាកែវ ព្រះសីហនុ កោះកុង កំពត និងខេត្តកែប៕