គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គិតមកដល់ពេលនេះ សាងសង់សម្រេចបានលទ្ធផល ១០០% ហើយ ខណៈបច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងធ្វើពិធីប្រគល់-ទទួលផងដែរ។

នៅក្នុងដំណើរចុះពិនិត្យស្ពាននៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង គម្រោងនេះសម្រេចការអនុវត្តបាន ១០០% ស្របតាមលក្ខណៈបច្ចេកទេស និងផែនការដែលបានកំណត់។លោក ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសាងសង់ និងក្រុមការងារប្ចេកទេសដែលធ្វើដោយទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ រហូតធ្វើឱ្យគម្រោងនេះសម្រេច១០០%។ លោកថា សមិទ្ធផលនេះ ជាផ្លែផ្កានៃកិច្ចសហការល្អ ដើម្បីបម្រើផលប្រយោជន៍របស់ពលរដ្ឋ សង្គមជាតិ។

សូមជម្រាបដែរថា គម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ សម្រាប់ការតភ្ជាប់ការធ្វើដំណើររវាងស្រុកចិត្របុរី នៅត្រើយខាងកើត និងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច ខេត្តក្រចេះ។ គម្រោងនេះរួមមានស្ពានប្រវែង ១ ៧៦១ ម៉ែត្រ ទទឹង ១៣,៥ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៣១,៦៩ គីឡូម៉ែត្រ រួមមានផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងចំនួន ៤ ខ្សែ។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ ការបញ្ចប់គម្រោងនេះដោយជោគជ័យ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា៕អត្ថបទ៖ហ្សាលីន


