ឱកាសសម្រាប់បងប្អូនពលរដ្ឋខ្មែរ ដែលជាអតីតពលករទើបវិលត្រឡប់មកពីក្រៅប្រទេស ជាពិសេសប្រទេសថៃ គឺក្រសួងការងារនិងបណ្តុះបណ្តាលវិជា្ជជីវៈ និងសហការជាមួយមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) រៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងសហគ្រិនភាព និងផ្គូផ្គងការងារដោយឥតគិតថ្លៃដល់អតីតពលករខ្មែរ។

យោងតាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងការងារបានបញ្ជាក់ថា ការរៀបចំបណ្ដុះបណ្ដាលនេះ ដើម្បីផ្ដល់ឱកាស អភិវឌ្ឍជំនាញបន្ថែម និងប្រើប្រាស់បទពិសោធន៍ការងារពីក្រៅប្រទេស ស្របទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុកនិងចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងប្រកបដោយជោគជ័យ។

ទន្ទឹមនឹងនេះ ក្រសួងក៏បានអំពាវនាវដល់បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស មកចុះឈ្មោះ ចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងសហគ្រិនភាព ដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) ដែលមានទីតាំងនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬតាមរយៈទូរសព្ទលេខ +៨៥៥ ១២ ៦៤៦ ៥០០/+៨៥៥ ១០ ៦៤៦ ៥០០ នៅរៀងរាល់ម៉ោងធ្វើការ។ ចំពោះបងប្អូនអតីតពលករខ្មែរដែលចង់ស្វែងរកការងារ សូមទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧៕



