កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត នៅក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្ត្រីនិងតំណាងជាន់ខ្ពស់នៃប្រទេសចំនួន៦៥ តំណាងអង្គការសហប្រជាជាតិ ព្រមទាំងអង្គការតំបន់និងអន្តរជាតិនានា សរុបប្រមាណ ៤០០នាក់។

ក្នុងកិច្ចប្រជុំនេះ បណ្តាហត្ថលេខីនៃកិច្ចព្រមព្រៀងបង្កើតអង្គការ WAICO បានបញ្ជាក់ជាថ្មីពីជំហររបស់ខ្លួនក្នុងការពូនជ្រុំក្របខណ្ឌសកលក្នុងការធ្វើអភិបាលកិច្ចនិងបង្កើនកិច្ចសហការលើបញ្ញាសិប្បនិម្មិត។ បណ្តាប្រទេសផ្សេងទៀតដែលមានវត្តមានបានគាំទ្រស្មារតីរួមមួយថាបរិវត្តកម្មបញ្ញាសិប្បនិម្មិតគប្បីចាត់ទុកសុខមាលភាពមនុស្សជាអាទិភាព និងត្រូវបែងចែកផ្លែផ្កាដោយសមធម៌ជាមួយគ្រប់បណ្ដាប្រទេស។

គួរឱ្យដឹងថា ឆ្លៀតឱកាសនោះដែរ លោក ជា វណ្ណដេត ក៏បានជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Minette Libom Li Likeng រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៃប្រទេសកាមេរូន និង លោក Nguema Nze រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងសេដ្ឋកិច្ចឌីជីថលនៃសាធារណរដ្ឋកុងហ្គោ។

ជំនួបនេះ ក៏បានពិភាក្សា ផ្លាស់ប្ដូរបទពិសោធអំពីបរិវត្តកម្មឌីជីថល និងអញ្ជើញសមភាគីទាំងពីរ ចូលរួមកម្មវិធី Francotech ដែលនឹងរៀបចំក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕



