អ្នករាយការណ៍ពិសេសរបស់ UN នឹងចុះទៅពិនិត្យដោយផ្ទាល់ នៅតំបន់ព្រំដែនកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានឱ្យដឹងថា នឹងចុះទៅពិនិត្យដោយផ្ទាល់ នៅតំបន់ព្រំដែន ដើម្បីជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់។នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយលោក ថូម៉ាស អាន់ឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ថូម៉ាស អាន់ឌ្រូ បានចាត់ទុកថា ការជួបពិភាក្សានេះ គឺជាសញ្ញាវិជ្ជមាន ដែលឆ្លុះបញ្ចាំងពីការបើកចំហ និងការផ្តល់តម្លៃដល់កិច្ចសន្ទនាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ លោកក៏កោតសរសើរកម្ពុជាថា ជាប្រទេសមួយក្នុងតំបន់ ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាច្រើន និងបានតាមដានយកចិត្តទុកដាក់ ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។លោក នឹងចុះទៅពិនិត្យដោយផ្ទាល់ នៅតំបន់ព្រំដែន ដើម្បីជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹង ស្ថានភាពសិទ្ធិមនុស្ស ជាពិសេសការអនុវត្តសេរីភាពនៃការបញ្ចេញមតិ។

ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការទទួលស្គាល់របស់អ្នករាយការណ៍ពិសេស អំពីសមិទ្ធផលរបស់កម្ពុជា ក្នុងការផ្តល់សច្ចាប័នសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងការទទួលយក អនុសាសន៍ជាច្រើនពីយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ សម្ដេចក៏បានស្វាគមន៍ ចំពោះបំណងរបស់លោក ថូម៉ាស អាន់ឌ្រូ ក្នុងការចុះពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជាជាក់ស្តែង នៅតំបន់ព្រំដែន និងបានពន្យល់បន្ថែមអំពីប្រវត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងទទួលរង។

តាមរយៈជំនួបនោះដែរ សម្ដេចតេជោ ក៏បានសម្ដែងក្តីសង្ឃឹមថា អ្នករាយការណ៍ពិសេសរូបនេះ នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់ វឌ្ឍនភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង៕ អត្ថបទ៖ហ្សាលីន