គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធផងដែរ។

គម្រោងវិនិយោគទាំង៩ខាងលើនេះ មានទុនវិនិយោគសរុបប្រមាណ ៩៥លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៣.៥០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យ កសិ-ឧស្សាហកម្មចំនួន ២គម្រោង រួមមាន គម្រោងបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ និងគម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី។

វិស័យឧស្សាហកម្មចំនួន ៧គម្រោង រួមមាន គម្រោងបង្កើតរោងចក្រផលិតរទេះលើកដាក់អីវ៉ាន់ គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងបរិក្ខារអគ្គិសនីបំភ្លឺ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលម្អនិងសម្ភារៈបរិក្ខារលម្អគ្រប់ប្រភេទ គម្រោងបង្កើតរោងចក្រផលិតមីនិងគ្រឿងផ្សំសម្រាប់មី គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបន្ទាប់បន្សំសម្រាប់សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសង្ហារិម និងសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក) គម្រោងបង្កើតរោងចក្រកែច្នៃអំបិល និង គម្រោងអាជីវកម្មរ៉ែមាសនិងសាងសង់រោងចក្រកែច្នៃ។

គួរឱ្យដឹងថា គម្រោងវិនិយោគទាំង៩លើនេះ បានបោះទីតាំងនៅរាជធានី ខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ និងក្រចេះ។
សូមជម្រាបថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន២៧៦ ក្នុងទំហំទុន វិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាម៉េរិក ដែលនឹងអាចបង្កើតការងារបានប្រមាណ១៦០ពាន់កន្លែង៕


