១ ឆ្នាំនៃការឈ្លានពាន ១ឆ្នាំនៃការឈឺចាប់! ខ្មែរលាតត្រដាងភាពជូរចត់លើឆាក Bloomberg TV

សង្គម​ និង​សេដ្ឋកិច្ច

ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃគម្រប់ខួប ១ ឆ្នាំពេញ នៃការឈ្លានពានប្រដាប់អាវុធមកលើទឹកដីកម្ពុជា គឺជាថ្ងៃគម្រប់ខួបនៃភាពឈឺចាប់របស់កូនខ្មែរគ្រប់ៗរូប។ ទោះបីជាពេលនេះ ស្ថិតក្នុងដំណាក់កាលបទឈប់បាញ់ហើយក្តី ប៉ុន្តែស្លាកស្នាមឈឺចាប់នៅលើព្រំដែនខ្មែរនៅតែបន្តមាន ដោយសារតែវត្តមានកងទ័ពយោធាថៃដែលនៅតែបន្តកាន់កាប់ទឹកដីខ្មែរដោយខុសច្បាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពេលថ្ងៃដ៏ក្រៀមក្រំនៃខួប ១ឆ្នាំនេះ ស្ថានីយទូរទស្សន៍លំដាប់អន្តរជាតិ Bloomberg TV https://www.bloomberg.com/live/asia បានរៀបចំកម្មវិធីផ្សាយពិសេសមួយផ្ទាល់ពីកម្ពុជា ចេញពីទីស្នាក់ការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ នេះគឺជាឱកាសដ៏សំខាន់ដែលថ្នាក់ដឹកនាំកម្ពុជាបានប្រើប្រាស់ការពិត និងតថភាពជាក់ស្តែង បង្ហាញទៅកាន់ពិភពលោកទាំងមូលឱ្យបានដឹងពីការពិត។

នៅក្នុងកម្មវិធីផ្សាយផ្ទាល់ជាប្រវត្តិសាស្ត្រនេះ មានបទសម្ភាសន៍ដ៏មានសារៈសំខាន់ជាមួយថ្នាក់ដឹកនាំកំពូលៗកម្ពុជាចំនួន ៤រូប រួមមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

ប្រធានបទនៃកិច្ចពិភាក្សានេះ បានផ្តោតយ៉ាងស៊ីជម្រៅលើបញ្ហាព្រំដែន ស្ថានភាពនៃការកាន់កាប់ទឹកដីខ្មែរដោយខុសច្បាប់ក្រោយបទឈប់បាញ់ រួមទាំងយុទ្ធសាស្ត្រទន់ភ្លន់ផ្នែកទំនាក់ទំនងអន្តរជាតិ ថាមពល ការវិនិយោគ និងពាណិជ្ជកម្ម។

ការផ្សាយពិសេសនេះ គឺជាការបង្ហាញឱ្យពិភពលោកបានឃើញ និងយល់ច្បាស់ពីភាពឈឺចាប់របស់កម្ពុជា តាមរយៈការប្រើប្រាស់ការពិត ច្បាប់អន្តរជាតិ និងតម្លាភាព ដើម្បីស្វែងរកយុត្តិធម៌ និងបន្តកសាងសេដ្ឋកិច្ចជាតិទៅមុខដោយក្តីសង្ឃឹម។

២៤ កក្កដា ២០២៥ , ២៤ កក្កដា ២០២៦ មិនមែនគ្រាន់តែជាថ្ងៃរំលឹកខួបមួយប៉ុណ្ណោះទេ ប៉ុន្តែជាថ្ងៃដែលយើងដែលជាកូនខ្មែរ មានឈាមជាខ្មែរតែមួយទាំងអស់គ្នា ចងចាំនូវការឈឺចាប់ ក្រោកឈរដោយភាពរឹងមាំ និងសូមគោរពដោយក្តីសោកស្តាយ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរយុទ្ធជនដែលបានពលីជីវិត ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពរបស់មាតុភូមិផងដែរ៕