ក្រសួងទេសចរណ៍ បានប្រកាសថា ពោលឆាប់ៗនេះក្រសួងនឹងដាក់ឱ្យដំណើរការសេវាកម្មទេសចរណ៍នាពេលរាត្រីនៅសហគមន៍បាគងភូមិខ្ញុំ ដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត។នេះបើយោងតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហួត ហាក់ ក្នុងកិច្ចប្រជុំជាមួយក្រុមការងារអន្តរក្រសួង កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

លោក ហួត ហាក់ បានឱ្យដឹងថា កិច្ចប្រជុំនេះ បានពិភាក្សាលើទិសដៅយុទ្ធសាស្ត្រគន្លឹះ ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីប្រកបដោយភាពទាក់ទាញ និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។
លោកបន្តថា ចំពោះការរៀបចំទស្សនាប្រាសាទនាពេលរាត្រី ក៏ធ្លាប់ត្រូវបានបង្ហាញនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍ធំៗកម្រិតពិភពលោក រួមមាន មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩និងកិច្ចប្រជុំប្រចាំឆ្នាំសហគមន៍ OB-PS លើកទី៤២, ពិព័រណ៍គ្រឿងអលង្ការ BVLGARI, ព្រឹត្តិការណ៍ Gumball 3000 និងនៅក្នុងកិច្ចប្រជុំកំពូលជាច្រើនទៀត។

ទន្ទឹមនឹងនេះ ដើម្បីជំរុញការងារទស្សនាប្រាសាទនាពេលរាត្រីឱ្យមានប្រសិទ្ធភាព និងលទ្ធផលជាក់ស្តែង លោកបានណែនាំត្រូវឱ្យមានជាគម្រោងសាកល្បង (Pilot Project) ដោយត្រូវជ្រើសរើសប្រាសាទ ១ ឬ ២ ជាការដាក់សាកល្បង នាពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះ លោក ក៏បានជំរុញសកម្មភាពផ្សេងៗដែលអាចទាក់ទាញភ្ញៀវទេសចរនៅពេលរាត្រីផងដែរ ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវ។
ជាក់ស្តែង នាពេលឆាប់ៗខាងមុខនេះដែរ លោករដ្ឋមន្ត្រី នឹងដាក់ឱ្យដំណើរការសេវាកម្មទេសចរណ៍នាពេលរាត្រីនៅសហគមន៍បាគងភូមិខ្ញុំ ដែលនឹងជាគំរូដ៏មានប្រសិទ្ធភាពសម្រាប់ពង្រីកទៅកាន់សហគមន៍ទេសចរណ៍ដទៃទៀត។ ជាការពិត, គម្រោងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍បន្ថែមដល់ប្រជាពលរដ្ឋសហគមន៍ដោយផ្ទាល់។
សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦ ដែលមានប្រធាន ១រូប, អនុប្រធាន ៦រូប, សមាជិក ២៨រូប និងក្រុមការងារបច្ចេកទេស ១ក្រុម ។ក្រុមការងារអន្តរក្រសួងនេះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕អត្ថបទ៖ហ្សាលីន

