សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនឌព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមោទកភាពក្នុងការទទួលតំណែងជាប្រធានប្តូរវេន នៃកិច្ចប្រជុំប្រមុខរដ្ឋបាលសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM ជាលើកទី២។ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងអនុវត្តវិធានការកំណែទម្រង់សំខាន់ៗចំនួន៣។

ថ្លែងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូក៣លើកទី៨ពីលើទឹកដីសៀមរាបអង្គរនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមុខងារសាធារណៈកម្ពុជា ប្រទេសសមាជិកអាស៊ានទាំងអស់ អគ្គលេខាធិការដ្ឋានអាស៊ាន និងដៃគូបូកបីដ៏រឹងមាំរបស់យើង សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ចំពោះការប្តេជ្ញាចិត្តឥតងាករេក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការតំបន់លើវិស័យរដ្ឋបាលសាធារណៈ។

សម្តេចធិបតី បន្តថា ការបំប្លែងចក្ខុវិស័យនេះទៅជាសកម្មភាពទាមទារឱ្យមានរដ្ឋបាលសាធារណៈដែលមានសមត្ថភាពអនុវត្តអាទិភាពទាំងនេះដោយកម្លាំង ប្រាជ្ញា និងសុចរិតភាពខ្ពស់។ ដើម្បីកសាងរដ្ឋបាលសាធារណៈដែលកាន់តែមានសមត្ថភាព កាន់តែរឹងមាំ កាន់តែឆ្លាតវៃ និងកាន់តែស្អាតស្អំ រាជរដ្ឋាភិបាលកំពុងអនុវត្តវិធានការកំណែទម្រង់សំខាន់ៗចំនួនបី៖
ទី១៖ ប្រទេសជាតិបានពង្រឹងប្រព័ន្ធជ្រើសរើសមន្ត្រីរាជការឱ្យមានលក្ខណៈផ្អែកលើគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការអនុវត្តដោយជោគជ័យនូវនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដ៏ជាក់លាក់មួយ។
ទី២៖ ការពង្រឹងសមត្ថភាព និងស្ថាប័ន ដើម្បីបង្កើនគុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយមានការគូសបញ្ជាក់តាមរយៈការត្រួតពិនិត្យមុខងារស៊ីជម្រៅ និងការបង្កើតបណ្តាញអគ្គលេខាធិការ ដើម្បីពង្រឹងការសម្របសម្រួលរវាងក្រសួង និងស្ថាប័ននានា។
ទី៣៖ ការកែលម្អប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធផល ដើម្បីធានានូវភាពស៊ីសង្វាក់គ្នា សមធម៌ និងប្រសិទ្ធភាព ដោយកំណត់សូចនាករសំខាន់ៗនៃសមិទ្ធផល (KPIs) ច្បាស់លាស់ ដែលត្រូវបានរៀបចំឡើងដើម្បីជំរុញមន្ត្រីរាជការឱ្យធ្វើការលឿនជាងមុន ប្រកបដោយប្រសិទ្ធភាព និងបុរេសកម្មក្នុងការផ្តល់សេវា ជាពិសេសនៅក្នុងវិស័យអាទិភាពដូចជា វិស័យអប់រំ និងសុខាភិបាល។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណែទម្រង់រដ្ឋបាលសាធារណៈ គឺជាស្នូលនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ នៅកម្ពុជា ការកែទម្រង់ឆ្លងវិស័យដ៏សំខាន់មួយក្នុងចំណោមប្រាំ រួមជាមួយនឹងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់តុលាការ និងកំណែទម្រង់ច្បាប់ ដែលជាផ្នែកសំខាន់នៃចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ រួមគ្នាកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្ត្រទាំងនេះបាននាំមកនូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់រួចទៅហើយ តាមរយៈការលើកកម្ពស់គុណភាពនៃការជ្រើសរើសមន្ត្រីរាជការ ពង្រឹងសមិទ្ធផលស្ថាប័ន និងស្តង់ដារវិជ្ជាជីវៈ ព្រមទាំងបង្កើតប្រព័ន្ធលើកទឹកចិត្តដែលមានប្រសិទ្ធភាព និងផ្អែកលើសមិទ្ធផលកាន់តែប្រសើរ៕ អត្ថបទ៖ហ្សាលីន

