ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាមួយភ្នាក់ងារ LED កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។

ការចុះ MoU នេះ ធ្វើឡើងរវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក ពីយូស ហ្វ្រិក (Pius Frick) អ្នកសម្របសម្រួលប្រចាំប្រទេសរបស់ភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ (LED)។ នេះជាការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងទិសដៅពង្រឹងប្រព័ន្ធ TVET សម្រាប់ពង្រឹងសមត្ថភាពកម្លាំងពលកម្ម ដើម្បីសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ស្តីពីកំណើន មុខរបរនិងការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
លោក ហេង សួរ បានលើកឡើងថា MoU នេះ គឺជាជំហានថ្មីមួយទៀត ដែលពិតជាមានសារៈសំខាន់ ចំពេលវេលា និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គោលនយោបាយTVET និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាដើម។

គម្រោងនេះជាឱកាសដ៏សំខាន់មួយក្នុងការលើកកម្ពស់គុណភាព និងមុខមាត់ TVET កម្ពុជាតាមរយៈការពង្រីកការបណ្តុះបណ្តាលជំនាញថាមពលកកើតឡើងវិញ និងជំនាញបៃតងទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់ខេត្ត ផ្តល់ការកសាងសមត្ថភាពដល់គ្រូបណ្តុះបណ្តាល TVET និងអ្នកអភិវឌ្ឍកម្មវិធីសិក្សា ជំរុញការរៀនសូត្រតាមប្រព័ន្ធឌីជីថល ព្រមទាំងពង្រឹងភាពជាដៃគូជាមួយវិស័យឧស្សាហកម្ម និងបង្កើតឱកាសការសិក្សាផ្អែកលើការអនុវត្តការងារ។
លើសពីនេះ កម្ពុជាអាចពង្រឹងភាពជឿជាក់ និងគុណភាពនៃការបណ្តុះបណ្តាលជំនាញ បង្កើនទំនុកចិត្តពីវិស័យឯកជន និងធានាថា និស្សិតបញ្ចប់ការសិក្សាមានជំនាញដែលឆ្លើយតបនឹងតម្រូវការ និងត្រូវបានទទួលស្គាល់ដោយវិស័យឧស្សាហកម្មទាំងក្នុងនិងក្រៅប្រទេស៕


