ឯកឧត្ដម វង្សី វិស្សុត ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ឆ្នាំ២០២៦-២០៣០ ប្រែក្លាយខេត្តកំពង់ធំជាមជ្ឈមណ្ឌលកសិ-ឧស្សាហកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីបើក និងដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០» កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដោយមានតួអង្គពាក់ព័ន្ធជិត ៤០០នាក់ចូលរួម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងកំណត់ត្រីវិស័យរួមគ្នា ដើម្បីប្រែក្លាយខេត្តកំពង់ធំពីសេដ្ឋកិច្ចផ្អែកលើកសិកម្ម ទៅជាមជ្ឈមណ្ឌលកសិ-ឧស្សាហកម្ម និងជាតំបន់ភស្តុភារកម្មដ៏រឹងមាំរបស់កម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា វិស័យកសិកម្មក្ដោបដណ្ដប់រហូតដល់ ៧៤% នៃសេដ្ឋកិច្ចខេត្តកំពង់ធំ ខណៈវិស័យឧស្សាហកម្មមានត្រឹមតែ ៦,៣% ប៉ុណ្ណោះ ដូច្នេះការរៀបចំអនាគតវិស័យកសិកម្ម គឺជាការរៀបចំអនាគតសេដ្ឋកិច្ចខេត្តទាំងមូល។

លោកបានសង្កត់ធ្ងន់ថា កសិផលសំខាន់ៗដូចជា ស្រូវ ស្វាយចន្ទី ដំឡូងមី កៅស៊ូ វារីវប្បកម្ម និងការចិញ្ចឹមសត្វ មិនត្រូវបញ្ចប់ត្រឹមការលក់ជាវត្ថុធាតុដើមឆៅនោះឡើយ ប៉ុន្តែត្រូវជំរុញការកែច្នៃ បង្កើតតម្លៃបន្ថែម និងបង្កើតទីផ្សារក្នុងខេត្ត ស្របតាមគោលការណ៍ «យកប្រជាជនជាស្នូល» ដើម្បីលើកកម្ពស់ប្រាក់ចំណូល និងជីវភាពរបស់កសិករឱ្យកាន់តែធូរធារ និងមានភាពរឹងមាំ៕